Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីចិន លោក ស៊ី នឹងទៅជួបពិភាក្សាការងារជាមួយលោក ត្រាំ ដល់សហរដ្ឋអាមេរិក ថ្ងៃទី០៦-០៧ ខែមេសាខាងមុខនេះ

30-03-2017 15:35

(ប៉េកាំង)៖ ក្រសួងការបទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ សហរដ្ឋអាមេរិក ហើយតាមការគ្រោងទុកលោកនឹងត្រូវជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅរមណីយដ្ឋាន Mar-a-Lago របស់លោក ត្រាំ ផ្ទាល់ ក្នុងរដ្ឋ Florida​ ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមេសាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មានចិនសិនហួរ នៅថ្ងៃ ព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន​ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ កាង បានគូសបញ្ជាក់ដូច្នេះថា៖ «តបតាមការអញ្ជើញរបស់ ប្រធានាធិបតី ហ្វាំងឡង់ លោក សៅលី នីអ៊ីនីស្ដូ (Sauli Niinisto) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លោកប្រធានាធិបតីស៊ី ជិនពីង នឹងបំពេញដំណើរ ទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសហ្វាំងឡង់ ពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែមេសា មុននឹងបន្តដំណើរទៅកាន់សហរដ្ឋអាមេរិក ជួបលោក ដូណាល់ ត្រាំ នៅ រមណីដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida នៅថ្ងៃទី០៦ ដល់ថ្ងៃ០៧ ខែមេសា»

គួរបញ្ជាក់ថា ការប្រកាសពីជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង ធ្វើឡើងនៅចំពេលសហរដ្ឋអាមេរិក និងចិន កំពុងខ្វែងគំនិតគ្នា យ៉ាងខ្លំាង លើបញ្ហាសមុទ្រចិនខាងត្បូង កូរ៉េខាងជើង ជាពិសេសនោះគឺការដាក់ពង្រាយប្រព័ន្ធ មីស៊ីលអាមេរិក THAAD នៅលើទឹកដីកូរ៉េខាងត្បូង តែម្ដង ខណៈរដ្ឋបាលលោក ត្រាំ កំពុងស្វែងរកកិច្ចសហការ ជាមួយទីក្រុងប៉េកាំង ដើម្បីដោះស្រាយជាមួយទីក្រុងព្យុងយ៉ាង។ ដូច្នេះសំណុំរឿង កូរ៉េខាងជើង ត្រូវបានគេ រំពឹងថាអាចនឹង ក្លាយជារបៀបវារៈសំខាន់នៃជំនួបរវាងអ្នកទំាងពីរ។ ចំណែកឯទីក្រុងព្យុងយ៉ាង ក៏កំពុងរង់ចំាមើល ជំនួបនេះដូចគ្នាដែរ ក៏ប៉ុន្តែបើតាមក្រុម អ្នកជំនាញកូរ៉េខាងត្បូង កូរ៉េខាងជើង អាចនឹងដឹកនាំការធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ នៅចំថ្ងៃនៃជំនួបរវាងលោក ស៊ី និងលោកត្រាំ៕