(បាងកក)៖ រដ្ឋមន្ត្រីការពារជាតិថៃ លោក Prawit Wongsuwon បានទាត់ចោលរាល់ការរិះគន់ ទំាងអម្បាលន្មាន ពាក់ព័ន្ធនឹងគំរោងទិញនាវាមុជទឹក០៣គ្រឿងមានតម្លៃជាង ៣៦ពាន់លានបាត (ជាង១ពាន់លានដុល្លារអាមេរិក) របស់រដ្ឋាភិបាលយោធាលោក ប្រាយុទ្ធ ចាន់អូចា ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ហើយថាដំណើរការទិញនាវាមុជទឹកនេះកំពុងដំណើរការប្រកបដោយតម្លាភាព។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។
យោងតាមលោក Prawit គំរោងទិញនាវាមុជទឹកពីចិន កំពុងដំណើរការជាមួយតម្លាភាព ស្របពេលក្រសួងការពារជាតិកំពុងត្រួតពិនិត្យឡើងវិញនូវរាល់ព័ត៌មានលម្អិត នៅក្នុងកិច្ចសន្យាចុះហត្ថលេខាដោយរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលចិនហើយនៅពេលការត្រួតពិនិត្យបញ្ចប់ នោះកិច្ចសន្យានេះ នឹងត្រូវដាក់ជូនខុទ្ទការល័យដើម្បីសម្រេចចិត្តចុងក្រោយ។ គំរោងទិញនាវាពីចិនដែលនឹងត្រូវដាក់ឱ្យឈរជើងនៅឈូងសមុទ្រថៃ និងសមុទ្រ Andaman បានទទួលរងការរិះគន់យ៉ាងខ្លាំង ជាពិសេសទាក់ទិននឹងតម្លៃ តម្លាភាព និងភាពចាំបាច់ដល់កម្រិតណា ទើបរដ្ឋាភិបាលថៃ ត្រូវតែទិញនាវាមុជទឹកទាំងនេះ។ ទោះបីយ៉ាងណាក៏ដោយ លោក Prawit បានបញ្ជាក់ថា គំរោងទិញនាវាមុជទឹកចិនពិតជាចាំបាច់ ត្បិតការគំរាមកំហែងទឹកដីកំពុងរីកកាន់តែធំ។
គួរបញ្ជាក់ថាក្នុងរយៈពេល៦០ឆ្នាំមកនេះ ថៃមិនដែលទិញនាវាមុជទឹកថ្មីឡើយ។ ជាក់ស្ដែងកាលពី២០១១ កន្លងទៅអតីតរដ្ឋាភិបាលទីក្រុងបាងកក ក៏ចង់ទិញនាវាមុជទឹកជជុះ០៦គ្រឿងពីអាល្លឺម៉ង់មានតម្លៃជាង ៧.៧ពាន់លានបាតផងដែរ ក៏ប៉ុន្តែគំរោងនេះត្រូវបានលុបចោលទៅវិញ ដោយអតីតរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra៕