(ម៉ូស៊ូល)៖ ស្របពេលដែលកំពុងដើរមើលស្ថានភាព នៅតាមតំបន់ដែលបានទទួលរងការបំផ្លិចបំផ្លាញ នៅក្នុងទីក្រុងម៉ូស៊ូល ទីភ្នាក់ងារព័ត៌មាន Russia Today (RT) មានលទ្ធភាពប្រមូលបានភស្តុតាង ជាច្រើនបន្ថែមទៀតដែលគាំទ្រសេចក្តីរាយការណ៍ របស់អង្គការលើកលែងទោសអន្តរជាតិ ដែលបានចោទប្រកាន់កងកម្លាំងចម្រុះអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិករួមជាមួយ និងរដ្ឋាភិបាល ប្រទេសអ៊ីរ៉ាក់ថាបានធ្វើការទម្លាក់គ្រាប់បែកឥតត្រាប្រណី សំដៅកម្ចាត់ក្រុមសកម្មប្រយុទ្ធ ISIS សូម្បីតែទៅលើផ្ទះសម្បែងដែលមានប្រជាជនស៊ីវិលស្លូតត្រង់នៅក្នុងនោះ។ នេះបើតាមការចេញផ្សាយ ព័ត៌មាននៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។
បន្ថែមពីលើសំឡេងផ្ទុះ និងស្នូរកាំភ្លើងដ៏កងរំពងពីចម្ងាយ ក្រុមការងាររបស់ទីភ្នាក់ងារព័ត៌មាន RT បានឃើញកងយន្តហោះចម្បាំងអន្តរជាតិ ដឹកនាំដោយសហរដ្ឋអាមេរិកហោះទៅមកពីលើទីក្រុងម៉ូស៊ូលជារៀងរាល់ពេលចន្លោះពី ០៥ទៅ១០នាទីនាយប់ថ្ងៃអង្គារសប្តាហ៍នេះ ហើយពួកគេថែមទាំងប្រទះឃើញដោយផ្ទាល់ភ្នែក នូវឧទ្ធម្ភាគចក្រអ៊ីរ៉ាក់មួយគ្រឿង កំពុងបាញ់មីស៊ីលជាច្រើនគ្រាប់សំដៅទៅកាន់ក្រុមសកម្មប្រយុទ្ធ ISIS និងបានស្តាប់រឿងរ៉ាវដ៏គួរឲ្យរន្ធត់ស្តីការប្រើប្រាស់ប្រជាជនស្លូតត្រង់ជាចំណាប់ខ្មាំង នៅអំឡុងការវាយប្រហារតាមផ្លូវអាកាសរបស់ក្រុមភេរវករដ៏ឃោរឃៅនេះទៀតផង។
តែផ្ទុយទៅវិញជំនួសការជួយរៀបចំច្រកផ្លូវមនុស្សធម៌ សម្រាប់ឲ្យប្រជាជនស៊ីវិលចាកចេញពីទីក្រុងម៉ូស៊ូល យោងតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍ របស់អង្គការលើកលែងទោសអន្តរជាតិនាដើមសប្តាហ៍នេះ រដ្ឋាភិបាលអ៊ីរ៉ាក់បែរជាបានទទូចឲ្យអ្នករស់នៅក្នុងទីក្រុង បន្តស្នាក់នៅក្នុងលំនៅឋានរបស់ពួកគេទៅវិញ។ ជាអកុសលសម្រាប់ប្រជាជនស្លូតត្រង់ទាំងនោះ ភាគច្រើនផ្ទះសម្បែងរបស់ពួកគេដែលត្រូវបានចាត់ទុកថាជាទីសុវត្ថិភាពនោះ បានក្លាយជាកន្លែងកប់សាកសពរបស់ពួកគេទៅវិញ ដោយសារតែកងកម្លាំងអ៊ីរ៉ាក់ និងសហរដ្ឋអាមេរិកនៅតែបន្តបើកការវាយប្រហារដោយទម្លាក់គ្រាប់បែកចំលើលំនៅឋានរបស់ពួកគេ។
ស្រ្តីម្នាក់ជាមួយ និងកូនតូចបានប្រាប់ទីភ្នាក់ងារព័ត៌មាន RT យ៉ាងដូច្នេះថា «នៅពេលដែលយើងស្ថិតនៅផ្ទះរបស់យើង វាត្រូវបានវាយប្រហារដោយគ្រាប់បែក។ បន្ទាប់មកទៀតក៏បានភៀសខ្លួនទៅកាន់ផ្ទះឪពុកម្តាយយើង ប៉ុន្តែវាក៏ត្រូវបានទទួលរងការបំផ្លិចបំផ្លាញដោយគ្រាប់មីស៊ីលទៀត។ គ្រប់ទីកន្លែងដែលយើងទៅ យើងនឹងទទួលរងការទម្លាក់គ្រាប់បែកជានិច្ច»។
ដោយឡែកបន្ទាប់ពីអង្គការលើកលែងទោសអន្តរជាតិ បានចេញសេចក្តីរាយការណ៍ជុំវិញបញ្ហានេះ ក្រសួងការពារជាតិអាមេរិកក៏បានទទួលស្គាល់ដែរថា ប្រតិបត្តិការតាមផ្លូវអាកាសរបស់ខ្លួនប្រហែលជាបានចូលរួមចំណែកក្នុងកំណើននៃការបាត់បង់ជីវិត របស់ប្រជាជនស៊ីវិលនៅក្នុងទីក្រុងម៉ូស៊ូល។ មេទ័ពអាមេរិកមួយរូបគឺលោក Steve Townsend បានថ្លែងថា «បើសិនជាជនស្លូតត្រង់ទាំងនោះបានស្លាប់ក្រោមស្នាដៃរបស់កងកម្លាំងចម្រុះអន្តរជាតិពិតមែននោះ វាគ្រាន់តែជាគ្រោះថ្នាក់ដោយអចេតនានៃសង្រ្គាមប៉ុណ្ណោះ»។
គួរបញ្ជាក់ថាប្រជាជនប្រមាណជាកន្លះលាននាក់ទៀត កំពុងបន្តជាប់នៅក្នុងតំបន់នៃទីក្រុងម៉ូស៊ូល ដែលស្ថិតក្រោមការកាន់កាប់របស់ក្រុមសកម្មប្រយុទ្ធ ISIS នៅឡើយ ហើយពួកគេក៏កំពុងតែប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ក៏ដូចជាទឹកស្អាតនិងចរន្តអគ្គិសនីប្រើប្រាស់ផងដែរ ខណៈមនុស្សចន្លោះពី ៨,០០០នាក់ទៅ១២,០០០នាក់ បានរត់ភៀសខ្លួនចេញពីទីក្រុងនេះជារៀងរាល់ថ្ងៃ៕