(តូក្យូ)៖ គណបក្សកាន់អំណាចជប៉ុនបានជំរុញឱ្យ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ ពិចារណាឱ្យបានឆាប់រហ័សពាក់ព័ន្ធនឹងការដាក់ពង្រាយ ខែលការពារមីស៊ីលអាមេរិក (THAAD) នៅលើទឹកដីជប៉ុន ដើម្បីទប់ស្កាត់ការវាយប្រហារជាយថាហេតុណាមួយ ពីសំណាក់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។
ជប៉ុនបានបង្ហាញក្ដីព្រួយបារម្ភរបស់ខ្លួនជាយូរណាស់មកហើយ ពីលទ្ធភាពដែលអាចនឹងក្លាយជាផ្ទំាងស៊ីប វាយប្រហាររបស់កូរ៉េខាងជើងនៅថ្ងៃណាមួយ ហើយការបារម្ភបែបនេះកើនឡើងជាលំដាប់ នៅក្រោយពេលទីក្រុងព្យុងយ៉ាងធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីឆ្នាំ២០១៦ ក៏ដូចជា ការបាញ់សាកល្បងមីស៊ីលផ្លោងជាច្រើនគ្រាប់ ធ្លាក់ចូលក្នុងសមុទ្រជប៉ុននាពេលថ្មីៗនេះ។
ដោយឡែកជុំវិញបញ្ហានេះដែរថ្លែងប្រាក់ទីភ្នាក់ងារសារព័ត៌មានបារាំង ក្រុមមន្ត្រីសន្តិសុខនៃគណបក្សសេរីនិយមប្រជាធិបតេយ្យ LDP (Liberal Democratic Party ) បានគូសបញ្ជាក់ដូច្នេះថា «ការកើនឡើង ការគំរាមកំហែង និងសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង បានឈានដល់កម្រិតមួយ ដែលប្រទេសរបស់យើងមិនអាចមើលរំលងបាន។ ដូច្នេះរដ្ឋា ភិបាលគួរតែស្វែងរកជម្រើសក្នុងការអនុញ្ញាត ឱ្យធ្វើការវាយប្រហារទៅលើមូលដ្ឋានសត្រូវ រួមទាំងការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលអាមេរិកដូចជា THAAD ជាដើម។ មួយវិញទៀត យើងក៏មិនគួរបោះបង់ចោលឱកាសដ៏ល្អនេះ ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធការពារមីស៊ីលផ្លោងរបស់យើងនោះដែរ»។
គួរបញ្ជាក់ថាសម្រាប់រុស្ស៊ីជាពិសេសគឺចិន ការដាក់ពង្រាយ THAAD នៅកូរ៉េខាងត្បូង គឺជាការគំរាមកំហែងមួយយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងស្ថេរភាពនៅក្នុងតំបន់ ហើយថាការគំរាមកំហែងរបស់កូរ៉េខាងជើង គ្រាន់តែជាលេសដែលទីក្រុងវ៉ាស៊ីនតោន ប្រើប្រាស់ដើម្បីកេងចំណេញយុទ្ធសាស្ត្រយោធា និងភូមិសាស្ត្រលើចិនតែប៉ុណ្ណោះ៕