(អាមេរិក)៖ នាពេលថ្មីៗនេះទីភ្នាក់ងារអវកាស NASA ទើបតែបានបញ្ចេញកម្រងរូបភាពថ្មី ដែលបង្ហាញពីលំហអាកាសដ៏ធំល្វឹងល្វើយ ហើយដោយសារតែនៅក្នុងនោះមានផ្ទាំងរូបភាពដល់ទៅ ១៤០,០០០សន្លឹក យើងបានសម្រេចធ្វើការដកស្រង់រូបភាព ដ៏ពេញនិយមជាងគេតែចំនួន ០៨សន្លឹកប៉ុណ្ណោះ មកបង្ហាញឲ្យប្រិយមិត្តទាំងអស់គ្នាបានទស្សនាក៏ដូចជាបានជ្រាប។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NBC News នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។
១៖ (Above) ភពផែនដីរះឡើងនៅលើជើងមេឃនៃឋានព្រះចន្ទនៅក្នុងរូបភាព ដែលត្រូវបានផ្តិតយកនៅក្នុងអំឡុងបេសកកម្ម Apollo 11 កាលពីឆ្នាំ១៩៦៩។
២៖ (Ocean of Stars) នៅក្នុងរូបភាពនេះដែលថតដោយកែវយឺតអវកាស Hubble ក្រុមផ្កាយ Omega Nebula មើលទៅប្រៀបហាក់បីដូចជាផ្ទៃសមុទ្រដ៏ធំមហិមាមួយ។
៣៖ (Touching the Sun) អវកាសយានិករបស់ NASA លោកស្រី Sunita Williams កំពុងធ្វើកាយវិការឈោងចាប់ព្រះអាទិត្យ នៅអំឡុងការដើរក្នុងលំហអាកាសរយៈពេល០៦ម៉ោង នៅខាងក្រៅស្ថានីយ៍អវកាសអន្តរជាតិ ISS កាលពីឆ្នាំ២០១២។
៤៖ (Southern Lights) ពន្លឺអូរ៉ូរ៉ា ឬពន្លឺ០៧ពណ៌នៅអឌ្ឍគោលខាងត្បូង កំពុងបញ្ចេញរស្មីចែងចាំងនៅពីលើផ្ទៃសមុទ្រ Tasman ស្ថិតនៅក្បែរតំបន់ភាគខាងត្បូងនៃប្រទេសនូវែលសេឡង់នៅក្នុងរូបភាព ដែលត្រូវបានផ្តិតយកពីស្ថានីយ៍អវកាសអន្តរជាតិ ISS កាលពីឆ្នាំ២០១១។
៥៖ (Staring at the Sun) តំបន់សកម្មៗនៃព្រះអាទិត្យត្រូវបានគូសចំណាំនៅក្នុងរូបភាព ដែលបានមកពីការរួមបញ្ចូលនៃទិន្នន័យឃ្លាំមើលនានា របស់កែវយឺតជាច្រើនកាលពីឆ្នាំ២០១៥។
៦៖ (End of an Era) យានអវកាស Atlantis កំពុងត្រូវបានបាញ់ចេញពីទីតាំងបង្ហោះយានអវកាស 39A កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១១ នៅឯមជ្ឈមណ្ឌលអវកាស Kennedy ក្នុងជ្រោយ Canaveral នៃរដ្ឋផ្លូរីដា។ ការបង្ហោះយានអវកាសនេះ ដែលជាការចាប់ផ្តើមបេសកកម្មរយៈពេល១២ថ្ងៃទៅកាន់ស្ថានីយ៍អវកាស ISS គឺជាការហោះហើរលើកចុងក្រោយនៃកម្មវិធី Space Shuttle។
៧៖ (First American Spacewalk) អវកាសយានិក Edward White ដែលអ្នកបើកបរយានអវកាស Gemini-Titan 4 បានក្លាយជាអវកាសយានិកអាមេរិកដំបូងគេបំផុត ដែលបានដើរនៅក្នុងលំហអាកាសកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៦៥។ លោក White បានស្ថិតនៅក្រៅយានអវកាសក្នុងរយៈពេល២១នាទី។ នៅក្នុងរូបភាពនេះលោក Edward White កំពុងកាន់ឧបករណ៍សម្រាប់បញ្ជាប្រព័ន្ធរុញច្រាន ដែលអនុញ្ញាតឲ្យលោកធ្វើការគ្រប់ចលនារបស់ខ្លួនលោកផ្ទាល់ ហើយលោក Edward ត្រូវបានភ្ជាប់ជាមួយយានអវកាសរបស់លោក ដោយខ្សែតំណប្រវែងជាង៧ម៉ែត្រ។
៨៖ (Big Moon) ព្រះច័ន្ទដ៏ធំពេញលេញ ឬ Supermoon កំពុងរះឡើងខាងក្រោយវិមានវ៉ាស៊ីនតោនកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១០១៣។ Supermoon កើតមានឡើងនៅពេលដែលព្រះចន្ទពេញវង់ស្ថិតក្នុងរយៈចម្ងាយដ៏កៀកនឹងផែនដីបំផុត នៅអំឡុងការធ្វើដំណើររបស់វាជុំវិញភពរបស់យើង។ យោងតាមអង្គការ NASA ពួកវាអាចមានទំហំធំជាង១៤ភាគរយ និងពន្លឺភ្លឺចែងចាំងដល់ទៅជាង៣០ភាគរយ បើធៀបនឹងព្រះច័ន្ទនៅពេលរះពេញវង់ធម្មតា៕