(ប៉ារីស)៖ ក្រុមបាតុកររាប់រយនាក់ភាគច្រើនមកពីសហគមន៍ជនជាតិចិន បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ា នៅខាងមុខស្ថានីយ៍ប៉ូលិសក្នុងទីក្រុងប៉ារីសបីយប់ជាប់ៗគ្នា ដើម្បីទាមទារឱ្យប៉ូលិសបារាំង បញ្ជាក់ពីហេតុផលបាញ់សម្លាប់បុរសជាជនជាតិចិនមា្នក់ កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។
បាតុកម្មដោយសន្តិវិធីកាលពីយប់ថ្ងៃពុធ បានប្រែក្លាយជាការប៉ះទង្គិចគ្នាដោយហិង្សាជាមួយកម្លាំងប៉ូលិស បន្ទាប់ពីក្រុមបាតុករបានពង្រាយសំរាមពាសពេញផ្លូវ ជាហេតុបង្ខំឱ្យអាជា្ញធរប្រើប្រាស់ឧស្ម័នបង្ហូរ ទឹកភ្នែកដើម្បីបំបែកហ្វូងបាតុករ ដោយបានបង្កឱ្យបាតុករជាច្រើននាក់រងបួស។ ដោយឡែកជុំវិញ ភាពចម្រូងចម្រាស់នេះដែរថ្លែងប្រាប់ Russian Today ក្មួយប្រុសជនរងគ្រោះដែលត្រូវប៉ូលិសបារាំងបាញ់សម្លាប់បានិយាយថា «យើងចង់ដឹងការពិតថា ហេតុអ្វីបាន ជាប៉ូលិសបាញ់សម្លាប់រូបគាត់... ហើយខ្ញុំពិតជាគ្មានយោបល់ឡើយចំពោះហេតុផល ក៏ប៉ុន្តែយើងមកទីនេះដើម្បីស្នើសុំការពន្យល់»។
គួរបញ្ជាក់ថាបុរសជនជាតិឈ្មោះ Shaoyo Liu អាយុ៥៦ឆ្នាំ ត្រូវបានប៉ូលិសបាញ់សម្លាប់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នៅផ្ទះរបស់លោកផ្ទាល់តែ ដោយសារូបលោកបានយកកន្តៃ្រចាក់ប៉ូលិសឱ្យរបួស។ ក៏ប៉ុន្តែផ្ទុយការលើកឡើងនេះ ក្រុមគ្រួសារលោក Shaoyo Liu បានបញ្ជាក់ថា លោកមិនបានចាក់នរណាម្នាក់ឱ្យរបួសឡើយ ហើយកន្ត្រៃកាន់នៅក្នុងដៃនោះ គឺលោកទុកសម្រាប់កាត់ត្រីចំអិនម្ហូបតែប៉ុណ្ណោះ៕