(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងពិចារណាលើការហាមឃាត់រាល់ការនាំចូលប្រេង ទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនេះគឺជាវិធានការដាក់ទោសទណ្ឌថ្មីមួយទៀតប្រឆាំងការធ្វើតេស្ត គ្រាប់នុយក្លេអ៊ែរលើកទី០៦របស់រដ្ឋកុម្មុយនិស្តមួយនេះ ដែលមានកម្លាំងខ្លាំងជាងមុនដល់ទៅ១៤ដង ហើយអាចនឹងប្រព្រឹត្តទៅនាពេលឆាប់ៗខាងមុខ។ នេះបើតាមការសម្តីរបស់ប្រភពការទូត ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។
យោងតាមប្រភពខាងលើទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការគិតគូរពិចារណាលើការជំរុញឲ្យមានការដាក់បំរាម លើការនាំចេញប្រេងទៅកាន់កូរ៉េខាងជើង តាមរយៈក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ នៅក្នុងករណីដែលមានការបំផ្ទុះសាកល្បង នៃក្បាលគ្រាប់នុយក្លេអ៊ែរបន្ថែមទៀតបន្ទាប់ពីកូរ៉េខាងត្បូងបានអះអាងថា ទីក្រុងព្យុងយ៉ាងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការត្រៀមធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទី០៦របស់ខ្លួន។
គួរបញ្ជាក់ថាចំណាត់ការនេះស្របទៅតាមអ្វីដែលអ្នកតំណាងខាងបញ្ហានុយក្លេអ៊ែរ នៃសម្ព័ន្ធមិត្តទាំងពីរនេះបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុននៅក្នុងរដ្ឋធានីសេអ៊ូល ក្នុងការដាក់ទោសទណ្ឌក៏ដូចជាសម្ពាធកាន់តែធ្ងន់បន្ថែមប្រឆាំង នឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង បើសិនណារដ្ឋកុម្មុនិស្តមួយនេះ នៅតែរឹងទទឹងប្រព្រឹត្តសកម្មបង្ករឿងទ្រង់ទ្រាយធំបន្តទៀត។ យ៉ាងណាមិញគំរោងនេះ នឹងតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការពីប្រទេសចិនផងដែរ ដោយសារតែជាអ្នកផ្គត់ផ្គង់ប្រេងដ៏ធំជាងគេបង្អស់សម្រាប់កូរ៉េខាងជើង៕