(ហួស្តុន)៖ មនុស្ស១២នាក់បានស្លាប់ និង០៣នាក់ផ្សេងទៀតទទួលរងរបួសនៅក្នុងហេតុការណ៍រថយន្តក្រុងដឹកអ្នកដំណើរខ្នាតតូចបុកនឹងរថយន្តភីកអាប់ដឹកទំនិញ ស្ថិតនៅក្នុងរដ្ឋតិចសាស់ភាគខាងត្បូងសហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២៩ ខែមីនា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។
ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតខាងលើនេះបានកើតឡើងនាវេលាម៉ោង ១២៖២០នាទីកណ្តាលថ្ងៃត្រង់ ស្ថិតនៅក្បែរចំណតរថយន្តរបស់រដ្ឋដែលមានចម្ងាយ ១២០គីឡូម៉ែត្រពីទីក្រុង San Antonio ភាគកណ្តាលនៃរដ្ឋតិចសាស់តែម្តង។ រថយន្តក្រុងតូចខាងលើនេះជាកម្មសិទ្ធិរបស់ព្រះវិហារមួយ ដែលបានដឹកអ្នកដំណើរសរុប១៤នាក់ពីព្រះវិហារនៃក្រុង New Braunfels ធ្វើដំណើរតាមដងផ្លូវហៃវេយ៍ ៨៣ នៃភាគកណ្តាលរដ្ឋ ហើយក៏បានបុកជុលមុខនឹងរថយន្តភីកអាប់ដឹកទំនិញ ដែលមានអ្នកបើកបរតែម្នាក់នៅក្នុងនោះតែម្តង។
គួរបញ្ជាក់ថាអភិបាលរដ្ឋតិចសាស់លោក Greg Abbot និងភរិយាបានប្រកាសសម្តែងមរណៈទុក្ខជូនដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់។ ដោយឡែកទីភ្នាក់ងារសន្តិសុខសាធារណរបស់រដ្ឋតិចសាស់ ក៏កំពុងតែបើកប្រតិបត្តិការស៊ើបអង្កេតលើករណីគ្រោះថ្នាក់ ដ៏កម្រកើតមាននេះផងដែរ៕