(វ៉ាស៊ីនតោន)៖ ប្រធានគណៈកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Richard Burr ដែលទទួលបន្ទុកស៊ើបអង្កេតលើការលូកដៃរបស់រុស្ស៊ី ចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីអាមេរិកបានអះអាងនៅថ្ងៃពុធសប្ដាហ៍នេះថា ទីក្រុងម៉ូស្គូក៏បាននិងកំពុងជ្រៀតជ្រែក ចូលក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសប្រធានាធិបតីបារាំងផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Richard Burr បានបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាវាជារឿងសមហេតុផល ចំពោះការដែលថា រុស្ស៊ីបានលូកដៃចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីបារំាង (...) ដូច្នេះយើងគិតថា វាគឺជាការទទួលខុសត្រូវរបស់យើង ក្នុងការធ្វើទំនាក់ទំនង ឬក៏ផ្ដល់ព័ត៌មានទៅកាន់ ពិភពលោកនូវអ្វីដែលបានកើតឡើងពីព្រោះវេលាតទៅ យើងនឹងប្រឈមមុខនឹងសកម្មភាពបង្ខូចកេរ្តិ៍ឈ្មោះបេក្ខជន (ជាប្រធានាធិបតី)»។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ លោក Richard Burr មិនបានបញ្ជាក់ភស្ដុតាងជាក់លាក់ណាមួយ ដើម្បីការពារការអះអាងរបស់លោកនោះទេ ខណៈបេក្ខនារីប្រធានាធិបតីបារំាង លោកស្រី Marine Le Pen និយាយថារុស្ស៊ីមិនបានជ្រៀតជ្រែក ឬលូកដៃចូលក្នុងយុទ្ធនាឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំង នោះទេ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២០ ខែមីនា នាយក FBI លោក James Comey បានទទួលស្គាល់ថា ពិតជាមានការស៊ើបអង្កេតពាក់ព័ន្ធនឹងការព្យាយាម Hack លទ្ធផលបោះឆ្នោតពីសំណាក់ទីក្រុងម៉ូស្គូពិតប្រាកដមែន ព្រមទាំងភាពអាចទៅរួចនៃទំនាក់ទំនងរវាងមន្ត្រីយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ជាមួយរុស្ស៊ី៕