(ម៉ានីល)៖ ស្របពេលដែលប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុងព្យាយាមពង្រឹងបន្ថែម នូវចំណងសេដ្ឋកិច្ចជាមួយទីក្រុងប៉េកាំងនោះ យោងតាមមន្រ្តីរដ្ឋាភិបាលទីក្រុងម៉ានីល ប្រទេសទាំងពីរ នឹងបើកកិច្ចពិភាក្សាដោយផ្ទាល់ជាមួយគ្នា ស្តីពីបញ្ហាវិវាទដែនសមុទ្រនៅខែឧសភាខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០១៧។
លោក Charles Jose អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីនបានឲ្យដឹងថា នៅសប្តាហ៍នេះចិនបានស្នើសុំធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចជំនួបពិភាក្សាមួយនៅខែឧសភាខាងមុខនេះ ស្តីពីយន្តការពិគ្រោះយោបល់ទ្វេភាគី ដើម្បីដោះស្រាយបញ្ហានានាទាក់ទងនឹងជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរ។ លោក Jose បានថ្លែងយ៉ាងដូច្នេះថា «នេះគឺជាសំណើដ៏ថ្មីសន្លាងមួយ ជាយន្តការពិភាក្សាទ្វេភាគីមួយ បង្កើតឡើងជាពិសេសលើបញ្ហាសមុទ្រចិនខាងត្បូង»។
គួរបញ្ជាក់ថាលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលកំពុងស្ថិតក្នុងវ័យ ៧២ឆ្នាំ ធ្លាប់បាននិយាយថា រូបលោកមិនចង់ធ្វើសង្រ្គាមជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំងដោយសារតែបញ្ហាវិវាទនៅតំបន់សមុទ្រចិនខាងត្បូងនោះឡើយ។ ម៉្យាងវិញទៀតនៅក្រោយការជាប់ឆ្នោតលោកប្រធានាធិបតីហ្វីលីពីនរូបនេះ បានបង្វែរគោលនយោបាយការបរទេសនៃប្រជាជាតិរបស់លោកចេញពីសម័្ពន្ធមិត្តដ៏យូរអង្វែងគឺសហរដ្ឋអាមេរិក ទៅកាន់ចិនវិញ៕