(ឡុងដ៍)៖ ៩ខែបន្ទាប់ពីការបោះឆ្នោតប្រជាមតិ នៅទីបំផុតអង់គ្លេសបានដំណើរការជាផ្លូវការហើយ នៅថ្ងៃពុធនេះ នូវនីតិវិធីចាកចេញពីសហភាពអឺរ៉ុប (Brexit) ខណៈលោកស្រីនាយករដ្ឋមន្ត្រី Theresa May ក៏បានបញ្ជាក់ដែរថា អ្វីៗមិនអាចត្រឡប់ថយក្រោយវិញឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
ថ្លែងទៅកាន់សភា លោកស្រី Theresa May បានលើកឡើងដូច្នេះថា៖«នេះគឺជាពេលវេលាប្រវត្តិសាស្ត្រមួយ ដែលយើងមិនអាចបកក្រោយវិញបាន និងត្រូវតែ រួបរួមគ្នា ស្របពេលនីតិវិធី Brexit ត្រូវបានដាក់ចេញជាផ្លូវការ អនុឡោមតាមមាត្រាទី៥០នៃសន្ធិសញ្ញាទីក្រុង Lisbon ក៏ដូចជាតាមការចង់បានរបស់ប្រជាជន អង់គ្លេស... ជាងនេះទៅទៀត យើងត្រូវតែទាញយកឱកាសដ៏សំខាន់នេះ ដើម្បីកសាងអង់គ្លេសឱ្យរឹតតែខ្លាំងរ៉ឹងមំាកា្លយជាប្រទេសមួយ ដែលធ្វើឱ្យកូននិងចៅៗ របស់យើងមានមោទនភាព»។
គួរបញ្ជាក់ថា អគ្គរដ្ឋទូតអង់គ្លេសប្រចំាសហភាពអឺរ៉ុប លោក Tim Barrow បានប្រគល់លិខិតនៃដំណើរការ Brexit ឱ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Donald Tusk ក្នុងទីក្រុងព្រុចសែល។ ក៏ប៉ុន្តែអង់គ្លេសត្រូវចំណាយពេលយ៉ាងតិច០២ឆ្នាំ ដើម្បីលែងលះឱ្យដាច់ស្រេចជាមួយសហភាពអឺរ៉ុប៕