(សេអ៊ូល)៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូងលោក Han Min-koo នៅថ្ងៃពុធនេះបានបង្គាប់ឲ្យ ពលទាហានគ្រប់រូបមានការស្ទាក់ស្ទើអ្វីឲ្យសោះ ក្នុងការចាត់វិធានការឆ្លើយតបទៅវិញតាមការគួរ បើសិនជាមានការវាយប្រហារណាមួយពីប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាល្ងាចថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
ក្នុងឱកាសនៃការត្រួតពិនិត្យមូលដ្ឋានការពារតាមឆ្នេរសមុទ្រ របស់កងពលធំថ្មើរជើងទី៣២ នៃកងទ័ពជើងគោក លោក Han បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃកាយវិការត្រៀមប្រយុទ្ធដ៏ល្អឥតខ្ចោះមួយទាំងជួរមុខ និងនៅជួរក្រោយនៃកម្លាំងយោធា។ លោករដ្ឋមន្រ្តីបានថ្លែងថា «ភាពគ្មានសណ្តាប់ធ្នាប់ ឬរបៀបរៀបរយមិនត្រូវ ឲ្យកើតមានឡើងជាដាច់ខាតនៅក្នុងជួរកងទ័ព ខណៈសកម្មភាពញុះញង់បង្ករឿងណាមួយពីសំណាក់កូរ៉េខាងជើង ពុំអាចអត់ឱនឲ្យបាននោះឡើយ»។
បន្ថែមពីនេះលោក Han បានស្នើយ៉ាងទទូចដល់កម្លាំងយោធាគ្រប់ជាន់ថ្នាក់ ឲ្យត្រៀមលក្ខណៈរួចរាល់ជានិច្ច សម្រាប់ការបំពេញប្រតិបត្តិការក្តៅៗបាន នៅក្នុងពេលដ៏សំខាន់បំផុតប្រកបដោយប្រសិទ្ធភាព ដោយបានក្រើនរំលឹកពីស្ថានការណ៍សន្តិសុខដ៏អាប់អួរនៅឧបទ្វីបកូរ៉េដូចបច្ចុប្បន្ននេះ។
គួរបញ្ជាក់ថាប្រទេសកូរ៉េខាងជើងក្រោមរបបនៃប្រមុខដឹកនាំកំពូលផុតលេខលោក គីម ជុងអ៊ុន ដែលបានបន្តស្ថិតនៅក្នុងលក្ខណៈបង្ករឿងរហូតមកនោះ បានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីល, បំផ្ទុះអាវុធនុយក្លេអ៊ែរ, និងធ្វើសង្រ្គាមវោហារសាស្រ្តជាបន្តបន្ទាប់៕