(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកមិនដែលខ្វល់ឡើយពីការបារម្ភរបស់រុស្ស៊ី ពាក់ព័ន្ធនឹងគំរោងដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីលអាមេរិកនៅក្នុងតំបន់អឺរ៉ុប និងអាស៊ីប៉ាស៊ីហ្វិក ដែលនេះធ្វើឱ្យទីក្រុងមូស្គូ គ្មានជំរើសផ្សេងឡើយក្រៅតែពីចាត់វិធានការសងសឹក ត្បិតវាគ្រាន់តែលេសរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ឥទ្ធិពលយោធារុស្ស៊ី និងចិនតែប៉ុណ្ណោះ ក៏ប៉ុន្តែកិច្ចចរចានៅតែបើកទ្វារជានិច្ច។ នេះបើតាមសម្តីអនុប្រធានសេនានុព័ន្ធយោធារុស្ស៊ី លោក Viktor Poznikhir ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
យោងតាមលោក Viktor Poznikhir ប្រព័ន្ធមីស៊ីលអាមេរិកបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខអន្តរជាតិ ហើយវាក៏នឹងបង្កឱ្យមានផងដែរនូវការរត់ ប្រណាំងសព្វាវុធសាជាថ្មីរវាងមហាអំណាចទំាងអស់នៅលើពិភពលោក។ ថ្លែងនៅក្នុងសន្និសីទស្ដីពីការកាត់បន្ថយអាវុធ នៅទីក្រុងហ្សឺណែវនាពេលថ្មីៗនេះ លោក Poznikhir បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិកមិនថានៅអឺរ៉ុប ឬនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសនៅកូរ៉េខាងត្បូង គ្រាន់តែជាលេសមួយប៉ុណ្ណោះ ពោលគឺការទប់ស្កាត់ការគំរាមកំហែងពីមីស៊ីលអ៊ីរ៉ង់ ឬកូរ៉េខាងជើងមិនមែនជាចេតនាពិត របស់សហរដ្ឋអាមេរិកនោះទេ ផ្ទុយទៅវិញគោលបំណងពិតនោះគឺ វ៉ាស៊ីនតោនចង់ហ៊ុមព័ទ្ធ ក៏ដូចជាទប់ស្កាត់ឥទ្ធិពលយោធា ព្រមទំាងបំផ្លាញមីស៊ីលផ្លោងចិន និងរុស្ស៊ី»។
គួរបញ្ជាក់ថាសហរដ្ឋអាមេរិកធ្លាប់បានអះអាងជាច្រើនដងរួចហើយថា ប្រព័ន្ធមីស៊ីលដូចជា THAAD ជាដើម មានគោលដៅទៅលើកូរ៉េខាងជើងតែមួយគត់ ហើយវាក៏មិនបានធ្វើឱ្យប៉ះពាលដល់សន្តិសុខប្រទេសក្បែរខាងនោះដែរ។ ទោះបីយ៉ាងណាចិន និងរុស្ស៊ីបានព្រមានថាពួកគេនឹងចាត់វិធានការសងសឹកទៅ នឹងការដាក់ពង្រាយប្រព័ន្ធមីស៊ីលនេះ៕