(អាហ្វហ្គានីស្ថាន)៖ ក្រុមសកម្មប្រយុទ្ធ៤៧នាក់ត្រូវបានសម្លាប់ និង៥១នាក់ទៀតបានរងរបួស នៅក្នុងប្រតិបត្តិការយោធារបស់កងកម្លំាងអាហ្វហ្គានីស្ថាន ទៅលើមូលដ្ឋានក្រុមតាលីបង់នៅភាគខាងលិច ខេត្ត Farah។ នេះបើតាមអាជ្ញាធរនៅក្នុងតំបន់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិនសិនហួរ នៅរសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងយ៉ាងដូច្នេះទៀតថា ក្រោមការសម្របសម្រួលដ៏ល្អក្នុងការធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមឧទ្ទាមតាលីបង់ នៅក្នុងស្រុក Bala Block នៃខេត្ត Farah នៅព្រឹកថ្ងៃពុធនេះកងកម្លាំងអាហ្វហ្គានីស្ថាន បានផ្ដាច់យកជីវិតក្រុមសកម្មប្រយុទ្ធតាលីបង់៤៧នាក់ និង៥១នាក់បានរងរបួស។ ក៏ប៉ុន្តែភ្លាមៗនោះដែរក្រុមតាលីបង់ មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ឆ្លើយតបទៅនឹងការអះអាងនេះ។
គួរបញ្ជាក់ថា ស្រុក Bala Block នៃភាគខាងលិចខេត្ត Farah ដែលសម្បូរទៅដោយក្រុមឧទ្ទាមតាលីបង់ គឺស្ថិតនៅចំងាយ ៦៩៥គីឡូម៉ែត្រពីភាគខាងលិចរដ្ឋធានីកាប៊ុល៕