(ប៉េកាំង)៖ អ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងប៉េកាំង បានលើកឡើងនៅថ្ងៃពុធនេះថា កោះតៃវ៉ាន់គឺជាកម្មសិទ្ធិ ផ្តាច់មុខរបស់ចិនតែមួយ ហើយការចង់ទាមទារឯករាជ្យភាពរបស់កោះមួយនេះ នឹងគ្មានថ្ងៃអាចធ្វើទៅរួចជាដាច់ខាត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
ការគូសបញ្ជាក់ធ្ងន់ៗបែបនេះរបស់លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិន បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនាថ្ងៃពុធនេះ។ នៅក្នុងឱកាសនោះលោក Ma បានថ្លែងថា «យើងនឹងនៅតែបន្តគោរពប្រតិបត្តិតាមកិច្ចព្រមព្រៀងកាលពីឆ្នាំ១៩៩២ រវាងចិន និងតៃវ៉ាន់ ហើយយើងនឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា សម្រេចឲ្យបាននូវការបង្រួបបង្រួមគ្នាឡើងវិញដោយសន្តិភាព ប៉ុន្តែនឹងមិនអនុញ្ញាតឲ្យក្រុមអ្នកគាំទ្រឯករាជ្យនៃកោះតៃវ៉ាន់ណាមួយ មកឆក់ផ្តាច់យកកោះមួយនេះចេញពីចិនបានជាដាច់ខាត»។
ជាចុងក្រោយនៅពេលត្រូវបានចោទសួរអំពីសកម្មភាពរបស់កោះតៃវ៉ាន់ ជាមួយអង្គការអន្តរជាតិ លោក Ma បានឆ្លើយតបទៅវិញថា ការរៀបចំត្រូវតែធ្វើឡើងតាមរយៈការពិគ្រោះយោបល់គ្នារវាងចិន និងតៃវ៉ាន់ នៅក្រោមគោលការណ៍ក៏ដូចជាគោលនយោបាយចិនតែមួយ៕