(វ៉ាស៊ីនតោន)៖ របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ UN បានឱ្យដឹងថា មនុស្សជិត២០លាននាក់ កំពុងត្រូវការជំនួយជាស្បៀងអាហារជាបន្ទាន់ នៅក្នុងប្រទេសចំនួន០៤ ដូចជាយ៉េមែន ស៊ូដង់ខាងត្បូង សូម៉ាលី និងតំបន់ភាគឦសានប្រទេសនីហ្សេរីយ៉ា។ នេះបើតាមដកស្រង់ព័ត៌មានពី CNN នារសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
ជុំវិញវិបត្តិស្បៀងអាហារនេះដែរថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN អ្នកសម្របសម្រួលផ្នែកសង្រ្គោះបន្ទាន់ លោក Stephen O'Brien បាននិយាយថា «យើងកំពុងស្ថិតនៅចំណុចដ៏សំខាន់មួយនៃប្រវត្តិសាស្រ្ត នៅក្នុងបរិបទដែលវិបត្តិមនុស្សជាតិបាន និងកំពុងរីកកាន់តែធំអស់រយៈពេលជាច្រើនឆ្នាំមកនេះ ចាប់តំាង ពីការបង្កើតអង្គការសហប្រជាជាតិ»។
គួរបញ្ជាក់ថាគ្រាន់តែនៅស៊ូដង់ខាងត្បូងតែមួយប៉ុណ្ណោះ មនុស្សជិត ១០០,០០០នាក់ ទៅហើយ កំពុងប្រឈមមុខវិបត្តិខ្វះស្បៀងអាហារ រីឯមនុស្សប្រមាណ ៥លាននាក់ ឬច្រើនជាង៤០ភាគរយ នៃប្រជាជនស៊ូដង់ខាងត្បូងត្រូវការជំនួយជាបន្ទាន់ ខណៈយ៉េមែន សូម៉ាលី និងតំបន់ភាគឦសានប្រទេស នីហ្សេរីយ៉ា ក៏កំពុងប្រឈមមុខនឹងស្ថានភាពអាក្រក់ដូចគ្នានេះដែរ។
វិបត្តិដែលបង្កឲ្យមានជាការភៀសខ្លួន និងជនរងគ្រោះដោយភាពអត់ឃ្លានរាប់សិបលាននាក់ខាងលើនេះ គឺដោយសារតែសង្គ្រាមហែកហួរ, ការគេចចេញពីតំបន់អសន្តិសុខ, និងវិបត្តិសេដ្ឋកិច្ចដូចជានៅស៊ូដង់ខាងត្បូង ដែលពុំត្រូវបានដោះស្រាយដោយត្រឹមត្រូវ៕