(ហូជីមិញ)៖ នាវាដឹកទំនិញមួយគ្រឿងបានលិចនៅក្នុងដែនសមុទ្រភាគខាងត្បូងប្រទេសវៀតណាម ស្ថិតនៅក្បែរឆ្នេរសមុទ្រទីក្រុង Vung Tau នៃខេត្ត Ba Ria-Vung Tau ដែលនាំឲ្យកម្មករនាវានោះចំនួន ០៩នាក់បាត់ខ្លួនរហូតមកដល់ព្រឹកថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
នាវាដឹកទំនិញខាងលើនេះមានទម្ងន់ ៣,០០០តោនមានឈ្មោះថា Hai Thanh 26 បានលិចបន្ទាប់ពីបានបុកនាវាដឹកទំនិញមួយគ្រឿងទៀត ស្ថិតនៅចម្ងាយជិត ៦០គីឡូម៉ែត្រពីឆ្នេរសមុទ្រទីក្រុងខាងលើ។ នៅក្នុងហេតុការណ៍នោះមានកម្មករតែពីរនាក់ប៉ុណ្ណោះដែលត្រូវបានជួយសង្គ្រោះ ខណៈមនុស្ស០៩នាក់ ផ្សេងទៀតអាជ្ញាធរការពារដែនសមុទ្រវៀតណាមកំពុងតែបន្តការស្វែងរកនៅឡើយ។
គួរបញ្ជាក់ថានាវាដឹកទំនិញខាងលើនេះមានទិសដៅពីទីក្រុង Hai Phong ទៅកាន់ទីក្រុង Can Tho ភាគខាងត្បូងប្រទេសវៀតណាម៕