(ម៉ិចស៊ីកូ)៖ ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសម៉ិចស៊ីកូ បានកំណត់កាលបរិច្ឆេទសម្រាប់ឲ្យបុរស ដែលមានទំហំខ្លួនធំជាងគេបង្អស់លើលោក ដើម្បីទទួលការវះកាត់សម្រកទម្ងន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
បុរសខាងលើមានឈ្មោះថា Juan Pedro Franco វ័យ៣២ឆ្នាំដែលធ្លាប់មានទម្ងន់ដល់ទៅ ៥៩៥គីឡូក្រាមពោលគឺជាងកន្លះតោននោះបានតមអាហារអស់រយៈបីខែមកហើយ ដើម្បីត្រៀមលក្ខណៈសម្រាប់ឆ្លងកាត់ការវះកាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែឧសភាខាងមុខនេះ ហើយមកទល់ពេលនេះលោក Franco បានស្រកទម្ងន់អស់ប្រមាណ ១៧៥គីឡូក្រាម នៅឯគ្លីនិកឯកទេសខាងបញ្ចុះគីឡូមួយកន្លែង ដើម្បីធ្វើឲ្យរូបលោកក្លាយជាបេក្ខជនដ៏សាកសមម្នាក់សម្រាប់ការវះកាត់សម្រកទម្ងន់នេះ។
គួរបញ្ជាក់ថាទោះបីលោក Franco បានស្រកទម្ងន់ខ្លះៗយ៉ាងណាក្តី វាមិនអាចធានាបានទាំងស្រុងថានឹងពុំមានភាពស្មុគស្មាញកើតឡើងនោះឡើយ ប៉ុន្តែវេជ្ជបណ្ឌិតរបស់លោកផ្ទាល់មានសុទិដ្ឋិនិយមថា អ្វីៗនឹងប្រព្រឹត្តទៅដោយជោគជ័យតាមការគ្រោងទុក។ ដោយឡែកការវះកាត់ដំណាក់កាលដំបូង ត្រូវបានកំណត់ថានឹងបញ្ចុះទម្ងន់បច្ចុប្បន្នរបស់លោក Franco ឲ្យបាន៥០ភាគរយ ហើយបន្ទាប់មកទៀតការវះកាត់ជាលើកទីពីរចាំបាច់ត្រូវតែធ្វើឡើង៕