(សេអ៊ូល)៖ លោក Chung Ku-youn ជាអ្នកស្រាវជ្រាវមួយរូបមកពីវិទ្យាស្ថានកូរ៉េដើម្បីការរួបរួមជាតិ (KINU) បានវាយតម្លៃថា កូរ៉េខាងជើងមានយន្ដហោះគ្មានមនុស្សបើក ឬ Drone ច្រើនជាង១,០០០គ្រឿង ដែលអាចនឹងត្រូវប្រើប្រាស់ ដើម្បីវាយប្រហារមកលើកូរ៉េខាងត្បូងនៅថ្ងៃណាមួយ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
ការលើកឡើងបែបនេះរបស់លោក Chung Ku-youn ធ្វើឡើងដោយផ្អែកលើសៀវភៅមួយក្បាលបោះពុម្ភផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៦ មានចំណងជើងថា «ការច្នៃប្រឌិតវិទ្យាសាស្ត្រ-បចេ្ចកវិទ្យា និងការគំរាមកំហែងពីកូរ៉េខាងជើង»។ អ្នកស្រាវជា្រវរូបនេះ បានលើកឡើងដូច្នេះថា «កូរ៉េខាងជើងក៏មានលទ្ធភាពក្នុងការបំពាក់អាវុធគីមី នៅលើយន្ដហោះគ្មានមនុស្សបើក (Drone) ទុកវាយប្រហារលើកូរ៉េខាងត្បូង ពោលបើនិយាយឱ្យចំទីក្រុងព្យុងយ៉ាងអាចមានយន្ដហោះ Drone ប្រភេទផ្សេងៗគ្នាច្រើនជាង១,០០០គ្រឿង»។
គួរបញ្ជាក់ថាចាប់តាំងពីដើមឆ្នាំ១៩៩០ កូរ៉េខាងជើងត្រូវបានគេជឿជាក់ថា អាចផលិតបានយន្ដហោះ Drone ជាច្រើនគ្រឿងក្នុងនោះរួមមានទំាងប្រភេទ Banghyun មានសមត្ថភាពហោះហើរក្នុងល្បឿនអតិបរមា ១៦២គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចផ្ទុកទម្ងន់ពី២០ ដល់២៥គីឡូក្រាម ខណៈបច្ចុប្បន្នកូរ៉េខាងជើងបានឈានដល់ការអភិវឌ្ឍយន្ដហោះ Drone Banghyun 5 ហើយដែលអាចបំពាក់ឧបករណ៍មានជាតិផ្ទុះ និងជាតិវិទ្យុសកម្មផងដែរ៕