(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង ជាពិសេសក្រសួងដែលទទួលបន្ទុកលើវិស័យនាវាចរ ពេលនេះកំពុងតែទទួលរងព្រនង់នៃពាក្យរិះគន់ និងជេរប្រទេចធ្ងន់ៗពីសំណាក់សាធារណជន ក៏ព្រោះតែការចេញផ្សាយថា គ្រោងឆ្អឹងដែលត្រូវបានរកឃើញក្នុងគ្រោងនាវា Sewol គឺជាគ្រោងឆ្អឹងរបស់ ជនរងគ្រោះ ប៉ុន្តែក្រោយមកបែរជាបានកែតម្រូវមកវិញថា គ្រាន់តែជាឆ្អឹងសត្វប៉ុណ្ណោះ។ នេះបើតាមការដកស្រង់ការផ្សាយពី Channel News Asia នាព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
សារព័ត៌មាននានារបស់កូរ៉េខាងត្បូងបានចុះផ្សាយថា សាច់ញាតិរបស់ជនរងគ្រោះទាំង ០៩នាក់ដែលមិនទាន់ត្រូវបានរកឃើញ ៣ឆ្នាំមកនេះ បានទន្ទឹងរង់ចាំព័ត៌មានយ៉ាងអន្ទះសារ និងគ្រាន់តែចង់បានគ្រោងឆ្អឹងរបស់សាច់ញាតិពួកគេយកទៅធ្វើបុណ្យ និងបញ្ចុះឲ្យបានសមរម្យតែប៉ុណ្ណោះ ក៏ប៉ុន្តែការប្រកាសខុសបែបនេះធ្វើឲ្យពួកគេមានអារម្មណ៍ប្រៀបដូចជា ធ្លាក់ពីលើឋានសួគ៌ចូលទៅក្នុងឋាននរកទៅវិញ។
គួរបញ្ជាក់តាមព័ត៌មានកូរ៉េខាងត្បូង ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះថា ក្រុមជំនាញផ្នែកសង្គ្រោះរបស់កូរ៉េខាងត្បូង ទំនងជាបានរកឃើញគ្រោងឆ្អឹងនៃជនរងគ្រោះ នៅក្នុងនាវា Sewol ដែលបានលិចអស់រយៈពេល០៣ឆ្នាំមកហើយ និងត្រូវបានស្រង់ចេញពីក្នុងទឹកសមុទ្រ កាលពីសប្តាហ៍មុននេះ។
សេចក្តីប្រកាសជាផ្លូវការត្រូវបានក្រសួងកូរ៉េខាងត្បូងអះអាងថា នឹងចេញនៅល្ងាចថ្ងៃអង្គារ ខណៈដែលមានសេចក្តីរាយការណ៍ជាបឋមថា គ្រោងឆ្អឹងនោះអាចជាគ្រោងឆ្អឹងមួយក្នុងចំណោមជនរងគ្រោះទាំង ០៩នាក់ ដែលបានបន្តបាត់ខ្លួនក្រោយហេតុការណ៍លិចនាវា Sewol កាលពីឆ្នាំ២០១៤ ដែលបានសម្លាប់ជនរងគ្រោះភាគច្រើនជាសិស្សសាលាក្មេងៗចំនួន ៣០៤នាក់៕