(ស៊ីដនី)៖ ព្យុះស៊ីក្លូន Debbie ដែលបានវាយប្រហារសង្គ្រប់ទៅលើរដ្ឋ Queensland នៃភាគឦសាន ប្រទេសអូស្រ្តាលីនាថ្ងៃអង្គារម្សិលមិញនេះ បានបន្សល់ទុកស្លាកស្នាមនៃការបំផ្លិចបំផ្លាញ ក៏ដូចជាការព្រួយបារម្ភជាច្រើនផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
តំបន់ទាក់ទាញភ្ញៀវទេសចរល្បីៗជាច្រើនរបស់ប្រទេសអូស្រ្តាលី បានទទួលរងវាយលុកដោយកម្លាំងខ្យល់បក់ដែលមានល្បឿនមិនតិចជាង ២៦០គីឡូម៉ែត្រក្នុងមួយម៉ោងនោះឡើយ ហើយម៉្យាងវិញទៀតភ្ញៀវទេសចរជាង ២០០នាក់ រួមជាមួយនិងបុគ្គលិកពី ៥០ទៅ៦០នាក់ នៅតែជាប់ខ្លួននៅលើកោះទេសចរណ៍ Daydream ចេញទៅណាពុំរួចនៅឡើយ និងកំពុងតែជួបបញ្ហានៃការផ្គត់ផ្គង់សម្ភារៈ និងអាហារថែមទៀត ខណៈកោះ Hayman ក៏ពុំទាន់អាចទាក់ទងបាននៅឡើយផងដែររហូតដល់ពេលនេះ។
ដោយឡែកស្របពេលដែលកោះទេសចរណ៍នានា បានទទួលរងការវាយប្រហារធ្ងន់ធ្ងរ តំបន់ដីគោកនៃប្រទេសអូស្រ្តាលីផ្ទាល់ ក៏បានទទួលរងឥទ្ធិពលដ៏ខ្លាំងក្លាពីព្យុះស៊ីក្លូនកំណាចផងដែរ ដោយវាបានបណ្តាលឲ្យលំនៅឋានជាង ៤៨,០០០ខ្នងគ្មានអគ្គិសនីប្រើប្រាស់នៅទូទាំងរដ្ឋ Queensland នាយប់ថ្ងៃអង្គារម្សិលមិញនេះ និងផ្ទះជាច្រើនខ្នងផ្សេងទៀតបានរងការខូចខាត។ បន្ទាប់ពីបានទទួលការវាយលុកដោយខ្យល់ព្យុះនេះ អភិបាលក្រុង Bowen លោក Andrew Wilcox បានពណ៌នាទិដ្ឋភាពនៅក្នុងទីក្រុងរបស់លោកថា ប្រៀបដូចជា «តំបន់សង្រ្គាម» អ៊ីចឹង។
គួរបញ្ជាក់ថានៅថ្ងៃពុធនេះព្យុះស៊ីក្លូនកំណាច Debbie កំពុងធ្លាក់ចុះឥទ្ធិពលបន្តិចហើយ ប៉ុន្តែវានៅមានកម្លាំងខ្យល់បក់នៅចន្លោះល្បឿនពី ៥០ទៅ១២០គីឡូម៉ែត្រនៅឡើយទេ៕