(ប៉េកាំង)៖ រដ្ឋាភិបាលចិននៅថ្ងៃពុធនេះបានឲ្យដឹងថា បុរសតៃវ៉ាន់ម្នាក់ដែលបានបាត់ខ្លួននៅក្នុងប្រទេសចិន គឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការសង្ស័យថា រូបគេបានធ្វើសកម្មភាពបង្កផលប៉ះពាល់ដល់ សន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
លោក Lee Ming-che ត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រសិទ្ធិមនុស្សនៅក្នុងប្រទេសចិនបានបាត់ខ្លួនដោយអាថ៌កំបាំងកាលពីដើមខែមីនា បន្ទាប់ពីបានធ្វើដំណើរមកកាន់ទីក្រុង Zhuhai ដោយឆ្លងកាត់តាមទីក្រុងម៉ាកាវ។ ដោយឡែកជុំវិញបញ្ហានេះថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យ ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន លោក Ma Xiaoguang បានបញ្ជាក់យ៉ាងដូច្នេះថា «ផ្អែកលើអ្វីដែលយើងបានដឹង បុរសតៃវ៉ាន់ឈ្មោះ Lee Ming-che ត្រូវបានអាជ្ញាធរចិនសង្ស័យ ថាបានធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ហើយនៅពេលនេះលោក កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពីសំណាក់អាជ្ញាធរ ខណៈសុខភាពរបស់លោកមិនមានបញ្ហាអ្វីនោះទេ»។ ក៏ប៉ុន្តែទន្ទឹមគ្នានោះ លោក Lee មិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះឡើយ។
គួរបញ្ជាក់ថាលោក Lee Ming-che បានគាំទ្របណ្ដាអង្គការ និងក្រុមសកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំហើយ ដោយលោកធ្វើដំណើរមកកាន់ទីក្រុង Zhuhai ដោយសារតែស្ថានភាពជំងឺម្ដាយក្មេករបស់លោកមិនល្អ៕