(វ៉ាស៊ីនតោន)៖ រូបភាពដែលទើបទទួលបានបន្ថែមទៀតពីប្រព័ន្ធផ្កាយរណបបានបង្ហាញថា ប្រទេសកូរ៉េខាងជើង កាន់តែខិតជិតដល់ពេលវេលានៃការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរដ៏មានអានុភាព ជាលើកទី៦ មែនទែនហើយ។ នេះបើតាមការអះអាងពីក្រុមជំនាញអាមេរិក ដែលត្រូវបានយល់ស្របដោយយោធាអាមេរិក និងដកស្រង់ការផ្សាយពី Channel News Asia នាព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
រូបភាពចុងក្រោយពីប្រព័ន្ធផ្កាយរណបត្រូវបានថតយកកាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅថ្មីៗនេះដែលគេឃើញមានគ្រឿងចក្រចំនួន ០៥គ្រឿង ឬក៏បរិក្ខាផ្នែកដឹកជញ្ជូន បញ្ចេញសកម្មភាពនៅតំបន់ទុកសម្រាប់ធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើងមានឈ្មោះថា Punggye-ri ហើយដែលខ្សែបណ្តាញសម្រាប់ធ្វើការ ទាក់ទងគ្នានោះត្រូវបានដាក់ពង្រាយចេញពីទីនោះរួចហើយដែរ។
វិទ្យាស្ថានសិក្សា កូរ៉េ-អាមេរិក របស់សាកលវិទ្យាល័យ Johns Hopkins ត្រូវបានវែបសាយ 38 North ដកស្រង់របាយការណ៍យ៉ាងដូច្នេះថា «បរិក្ខាទាំងនោះទំនងជាត្រូវបានចល័ត និងសម្រួលដល់ការរៀបចំការធ្វើតេស្ត, ប្រមូលទិន្នន័យពីការបំផ្ទុះ, និងដំណើរការទិន្នន័យនានា»។ កន្លងមកកូរ៉េខាងជើងធ្លាប់បានព្រមានថា ខ្លួនកំពុងតែអភិវឌ្ឍន៍គ្រាប់មីស៊ីលដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ មានសមត្ថភាពអាចបាញ់ដល់ទឹកដីអាមេរិក ទុកធ្វើសង្គ្រាមក្នុងករណីដែលមហាអំណាចមួយនេះ ហ៊ានធ្វើការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ រំលោភលើទឹកដីកូរ៉េខាងជើងមុននោះ៕