(វ៉ាស៊ីនតោន)៖ ក្រោយបរាជ័យលុបចោលច្បាប់សុខាភិបាល Obamacare នៃអតីតរដ្ឋបាល លោក បារ៉ាក់ អូបាម៉ា នៅទីបំផុត ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាហើយ នៅថ្ងៃអង្គារសប្ដាហ៍នេះលើបទបញ្ជាប្រធានាធិបតី ដែលបង្គាប់ឱ្យលុបចោលគោលនយោបាយ ស្ដីពីអាកាសធាតុ Clean Power Plan របស់លោក អូបាម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
Clean Power Plan គឺជាគោលនយោបាយមួយរបស់លោក អូបាម៉ា ដែលមានគោលដៅចូលរួមចំណែកកាត់បន្ថយការកើនឡើងកម្ដៅផែនដី តាមរយៈការដាក់កំហិតមួយចំនួនលើបណ្ដាក្រុមហ៊ុនឧស្សាហកម្មអាមេរិក ទាក់ទិននឹងការប្រើប្រាស់ធ្យូងថ្ម និងការកាត់បន្ថយឧស្ម័ន CO2។ ចំណែកឯក្រុមអ្នកការពារបរិស្ថាន បានសាទរយ៉ាងខ្លំាងចំពោះគោលនយោបាយនេះ ក៏ប៉ុន្តែសម្រាប់ លោក ដូណាល់ ត្រាំ បែរជាយល់ថាវាធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិកទៅវិញ។
ជាក់ស្ដែងនៅក្នុងសុន្ទរកថាដ៏ខ្លីមួយនៅឯទីស្នាក់ទីភ្នាក់ងារការពារបរិស្ថាន (EPA) ប្រធានាធិបតីអាមេរិក រូបនេះបាននិយាយយ៉ាងដូច្នេះថា «រដ្ឋបាលរបស់ខ្ញុំនឹងបញ្ចប់ការធ្វើសង្រ្គាមប្រឆាំងនឹងការប្រើប្រាស់ធ្យូងថ្ម... ហើយជាមួយនឹងបទបញ្ជានៅថ្ងៃនេះ ខ្ញុំ នឹងបង្កើតដំណាក់កាលប្រវត្តិសាស្ត្រក្នុងការលុបចោលការដាក់កំហិត លើវិស័យថាមពលអាមេរិក និងរាល់វិធានការទំាងឡាយណា ដែលមានគោលបំណងសម្លាប់ការងាររបស់ប្រជាជនអាមេរិក»។
គួរបញ្ជាក់ថាការចេញបទបញ្ជាប្រធានាធិបតីពីសំណាក់ លោក ដូណាល់ ត្រាំ ធ្វើឡើងនៅក្នុងក្របខណ្ឌនៃការអនុវត្តន៍កិច្ចសន្យានៅអំឡុងយុទ្ធនាការ ឃោសនាបោះឆ្នោត ដែលលោកចង់យកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងស្ដីពីបម្រែបម្រួលអាកាសធាតុ ទីក្រុងប៉ារីសកាលពីខែធ្នូ ឆ្នាំ២០១៥៕