(លីម៉ា)៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ប៉េរូ ដែលមានផ្ទុកអ្នកដំណើរសរុប ចំនួន១៤១នាក់ បានរអិលធ្លាក់ផ្លូវហើយឆាបឆេះឡើង ខណៈពេលដែលធ្វើការចុះចតនៅឯអាកាសយានដ្ឋាន Francisco Carle ក្នុងទីក្រុង Jauja នៃប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០១៧។
យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 737-300 របស់អាកាសចរណ៍ប្រទេសប៉េរូ បានជួបគ្រោះថ្នាក់មួយហើយក៏ឆាបឆេះឡើងនៅពេលដែលធ្វើការចុះចតនៅឯព្រលានយន្តហោះ Francisco Carle នាវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅក្នុងតំបន់កើតហេតុ)។ នេះបើតាមការអះអាងបញ្ជាក់ពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍ដែលជាម្ចាស់របស់យន្តហោះដឹកអ្នកដំណើរនេះ។
គួរបញ្ជាក់ថាអ្នកដំណើរចំនួន ១៤១នាក់បានស្ថិតនៅលើជើងហោះហើរនោះ ប៉ុន្តែពុំមាននរណាម្នាក់បានទទួលរងរបួសធ្ងន់ធ្ងរដោយសារតែគ្រោះថ្នាក់នេះឡើយ ដោយពួកគេទាំងអស់ត្រូវបានជម្លៀសខ្លួនចេញពីយន្តហោះដោយសុវត្ថិភាព។ ព្រមពេលជាមួយគ្នានេះការស៊ើបអង្កេតក៏ត្រូវបានបើកជាបន្ទាន់ផងដែរ ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឲ្យមានការចុះចតខុសបច្ចេកទេសនេះដែរ៕