(គូឡាឡាំពួ)៖ បន្ទាប់ពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ (Najib Razak) បានឲ្យដឹងថា រូបលោកនៅតែមិនទាន់បានសម្រេចចិត្តទៅលើការទិញយន្តហោះចម្បាំងធុន Rafale ពីក្រុមហ៊ុនផលិតយន្តហោះ Dassault Aviation នោះប្រធានាធិបតីបារាំងលោក ហ្រ្វង់ស័រ ហូឡង់ បានឆ្លើយតបទៅវិញថា រដ្ឋាភិបាលទីក្រុងប៉ារីសអាចធ្វើការពិភាក្សាអំពីតម្លៃនៃយន្តហោះចម្បាំងនេះជាមួយរដ្ឋាភិបាលទីក្រុងគូឡាឡាំពួបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមរបស់មេដឹកនាំប្រទេសទាំងពីរ នៅអំឡុងដំណើរទស្សនកិច្ចរបស់លោក ហ្រ្វង់ស័រ ហូឡង់ មកកាន់ប្រទេសម៉ាឡេស៊ីនាថ្ងៃអង្គារនេះលោក ណាជីប រ៉ាហ្សាក់ បានបញ្ជាក់ថា «ពួកយើងមិនទាន់បានត្រៀមលក្ខណៈរួចរាល់នៅឡើយទេ ដើម្បីធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងរឿងនេះ ប៉ុន្តែយើងបានកត់សម្គាល់អំពីជោគជ័យនៃការទិញដូរយន្តហោះនេះនៅក្នុងប្រទេសដទៃៗទៀត»។
យន្តហោះចម្បាំងធុន Dassault Rafale ដែលមានន័យថា «ផ្លេកបន្ទោរ» គឺជាយន្តហោះចម្បាំងប្រភេទម៉ាស៊ីនភ្លោះដែលត្រូវបានរចនានិងផលិតឡើងដោយក្រុមហ៊ុនផលិតយន្តហោះ Dassault Aviation របស់ប្រទេសបារាំង។ យន្តហោះចម្បាំង Rafale ត្រូវបានបង្ហាញខ្លួនជាលើកទីមួយកាលពីពាក់កណ្តាលឆ្នាំ២០០១ ពោលគឺតាំងពីជិត១៦ឆ្នាំមុន ក៏ប៉ុន្តែវានៅតែមានសមត្ថភាពខ្ពស់ក្នុងសមរភូមិដដែល។ យន្តហោះចម្បាំង Rafale មានបីប្រភេទគឺប្រភេទ Rafale B (តម្លៃ៨០លានដុល្លារ និងមានកៅអីពីរសម្រាប់កងទ័ពជើងអាកាសបារាំង), Rafale C (តម្លៃជិត៧៥លានដុល្លារ និងមានកៅអីតែមួយសម្រាប់កងទ័ពជើងអាកាសបារាំង), Rafale M (តម្លៃជិត៨៦លានដុល្លារ ប្រើលើនាវាផ្ទុកយន្តហោះចម្បាំង សម្រាប់ធអង្គភាពហោះហើរនៃកងទ័ពជើងទឹកបារាំង)។
គួរបញ្ជាក់ថាលោក ហ្រ្វង់ស័រ ហូឡង់ កំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ីសម្រាប់ដំណើរទស្សនកិច្ចចំនួនពីរថ្ងៃ ហើយលទ្ធភាពនៃការទិញយន្តហោះចម្បាំង Rafale គឺស្ថិតក្នុងចំណោមបញ្ហាកំពូលៗនៃរបៀបវារៈនៅក្នុងជំនួបពិភាក្សារវាងមេដឹកនាំទាំងពីររូប៕