(អាមេរិក)៖ យានអវកាស Juno នៃទីភ្នាក់ងារអវកាសអាមេរិក NASA បានធ្វើដំណើរទៅកៀកនឹងភពព្រហស្បតិ៍ (Jupiter) ជាថ្មីម្តងទៀត ក្នុងការហោះឆ្វែលជាលើកទីប្រាំរបស់វានៅជុំវិញភពឧស្ម័នយក្សមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។
យានអវកាស Juno បានធ្វើការហោះឆ្វែលយ៉ាងកៀកនាវេលាម៉ោង៤៖៥២នាទីទាបភ្លឺថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) និងបានស្ថិតនៅចម្ងាយប្រមាណជាង ៤,៤០០គីឡូម៉ែត្រពីលើកំពូលដុំពពករបស់ភពព្រហស្បតិ៍ ស្របពេលដែលវាកំពុងធ្វើដំណើរនៅក្នុងល្បឿនប្រហែល ២០៨,០០០គីឡូម៉ែត្រក្នុងម៉ោង។
នៅក្នុងអំឡុងនៃការហោះឆ្វែលលើកទីប្រាំនេះ ឧបករណ៍វិទ្យាសាស្រ្តទាំង ០៨គ្រឿង របស់យានអវកាស Juno បានដំណើរការយ៉ាងល្អ ដោយបានប្រមូលយកទិន្នន័យពាក់ព័ន្ធនឹងស្រទាប់បរិយាកាសកម្លាំងទំនាញ ក៏ដូចជាដែនម៉ាញេទិចរបស់ភពព្រហស្បតិ៍។ ព្រមពេលជាមួយគ្នាកាមេរ៉ា JunoCam ក៏បានផ្តិតយករូបភាពដ៏ល្អប្លែកជាច្រើនសន្លឹកបន្ថែមរបស់ភពដ៏ពោរពេញដោយអាថ៌កំបាំងដ៏ធំមួយនេះ។
គួរបញ្ជាក់ថាយានអវកាស Juno បានទៅដល់គន្លងជុំវិញភពព្រហស្បតិ៍កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីបានចំណាយពេលជិត០៥ឆ្នាំធ្វើដំណើរឆ្លងកាត់លំហអាកាសដ៏ធំល្វឹងល្វើយ។ ដោយឡែកបេសកកម្ម Juno នឹងត្រូវបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ នៅពេលដែលយានអវកាសនេះ នឹងទម្លាក់ខ្លួនចូលទៅក្នុងភពព្រហស្បតិ៍ ដើម្បីធ្វើការសិក្សាស្រាវជ្រាវជាលើកចុងក្រោយនៅក្រោយពេលដែលបានប្រើប្រាស់ពេលចំនួន២០ខែនៅក្នុងគន្លងអវកាសរបស់វា៕