(ម៉ានីល)៖ ការផ្ទុះដ៏ខ្លាំងក្លានៅលើទូកមួយគ្រឿងនៅក្នុងទីក្រុង Zamboanga ភាគខាងត្បូងប្រទេសហ្វីលីពីន បានឆក់យកជីវិតមនុស្សចំនួន០៥នាក់ និងបណ្តាលឲ្យ០៤នាក់ផ្សេងទៀតរងរបួសជាទម្ងន់។ នេះបើតាមសម្តីរបស់មន្ត្រីយោធាហ្វីលីពីន ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។
លោកវរសេនីយ៍ Alvin Dagalea មេបញ្ជាការនៃកងល្បាតឆ្នេរសមុទ្រក្នុងទីក្រុង Zamboanga បានហេតុផ្ទុះដ៏កក្រើកខាងលើបានកើតឡើងនៅវេលាម៉ោង ៨៖២០នាទីយប់ថ្ងៃចន្ទម្សិលមិញនេះ ខណៈពេលដែលទូកល្បឿនលឿនមួយគ្រឿង កំពុងចូលចាក់សាំងនៅចំណតឯកជនមួយកន្លែងក្នុងទីក្រុង Zamboanga ដែលជាទីក្រុងជាប់មាត់សមុទ្រនៅភាគខាងត្បូងហ្វីលីពីន។
គួរបញ្ជាក់ថាមនុស្សចំនួន០៥នាក់នៅលើទូក ត្រូវបានអណ្តាតភ្លើងឆាបឆេះខ្លោចខ្ទេចមើលពុំយល់ ហើយកងការពារដែនសមុទ្រហ្វីលីពី កំពុងតែត្រួតពិនិត្យទៅលើមូលហេតុ ដែលបានបង្កឲ្យមានការផ្ទុះឆេះទូកមួយគ្រឿងនេះ៕