(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាកាសចរណ៍ American Airlines បានឈានដល់កិច្ចព្រមព្រៀងមួយទិញ ភាគហ៊ុន ២០០លានដុល្លារអាមេរិកពីក្រុមហ៊ុន China Southern Airlines ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP ដកស្រង់ដោយ សារព័ត៌មាន CNBC នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនក្រុមហ៊ុន China Southern Airlines បានឱ្យដឹងថា ផ្អែកតាមកិច្ចព្រមព្រៀងខាងលើ American និង China Southern នឹងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសម្រាប់ផ្នែកលក់អាកាសយានដ្ឋាន និងការបែងចែកកូតាជាដើម។ បន្ថែមពីលើនេះកិច្ចព្រមព្រៀងទិញភាគហ៊ុននេះ គឺតំណាងឱ្យ២.៧៦ភាគរយនៃភាគហ៊ុនក្រុមហ៊ុន China Southern Airlines ។
គួរបញ្ជាក់ថានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបរទេសជាច្រើនកំពុងសម្លឹងមើលការពង្រីកទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយបណ្ដាក្រុមហ៊ុនអាកាសចរណ៍ចិន ដើម្បីគ្រប់គ្រងទីផ្សារអាកាសចរណ៍របស់ចិន ដែលបាននិងកំពុងរីកចំរើនយ៉ាងឆាប់រហ័ស ខណៈទីផ្សារនៅអឺរ៉ុប និងអាមេរិកខាងជើងនៅនឹងធឹង៕