(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Subramaniam Sathasivam បាននិយាយ នៅថ្ងៃអង្គារនេះថា សាកសពលោក គីម ជុង ណាំ កំពុងស្ថិតនៅទីក្រុងគូឡាឡាំពួនៅឡើយ ដោយមិនបានបញ្ជាក់ថា នឹងត្រូវបញ្ជូនទៅកូរ៉េខាងជើងដូចការចេញផ្សាយព័ត៌មានមួយចំនួននោះឡើយ បន្ទាប់ពីលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានឃាតករស្រីពីរនាក់សម្លាប់ដោយប្រើសារធាតុគីមីពុល VX នៅអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។
ប្រតិកម្មរបស់លោក Subramaniam ធ្វើឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា សាកសព លោក គីម នឹងត្រូវបញ្ជូនទៅកាន់កូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ។ លោករដ្ឋមន្ត្រីសុខាភិបាលរូបនេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានដូច្នេះថា «យើងបានត្រួតពិនិត្យជាមួយនាយកដ្ឋានកោសល្យវិច័យថា តើមានការស្នើសុំយកសាកសពចេញខាងក្រៅ ឬទេ? ក៏ប៉ុន្តែអ្វីដែលយើងកំពុងព្រួយបារម្ភនេះ ពុំទាន់មានការផ្លាស់ប្ដូរសា្ថនការណ៍ណាមួយនៅឡើយទេពោលគឺសពលោក គីម នៅតែស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួ ដដែល»។
ទោះបីជាយ៉ាងណា លោក Subramaniam ក៏មិនបានលម្អិតដែរចំពោះព័ត៌មានដែលថា រដ្ឋាភិបាលម៉ាឡេស៊ី នឹងបញ្ជូនសាកសពលោក គីម ជុងណាំ ទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីជាថ្នូរនឹង ការដោះលែងជនជាតិម៉ាឡេស៊ី ដែលកំពុងជាប់គាំងនៅកូរ៉េខាងជើងនោះ។
គួរបញ្ជាក់ថាកាលពីថ្ងៃចន្ទ ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានរាយការណ៍ថា សពលោក គីម ជុងណាំ ត្រូវបានគេយកចេញពីមន្ទីរពេទ្យ ដើម្បីត្រៀមបញ្ជូនទៅកាន់ទីក្រុងប៉េកាំង។ ជាងនេះទៅទៀត នៅថ្ងៃអង្គារនេះដែរសារព័ត៌មានម៉ាឡេស៊ី New Straits Times បាននិយាយថា សពលោកគីម ត្រូវបានគេរំពឹងថានឹងត្រូវបញ្ជូនទៅកាន់ទីក្រុងប៉េកាំង រួចទៅកាន់កូរ៉េខាងជើងក្នុងពេលឆាប់ៗនេះ ក៏ប៉ុន្តែមិនបានប្រាប់ពីប្រភពដែលខ្លួនទទួលបាននោះទេ៕