(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបាននិយាយថា ខ្លួននឹងមិនផ្លាស់ប្ដូរឡើយនូវច្បាប់ពាក់ព័ន្ធនឹង ការចូលរួមនៅក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងក្រុម ISIS នៅអ៊ីរ៉ាក់ ខណៈក្រុមចំរុះអន្តរជាតិដឹកនាំដោយ សហរដ្ឋអាមេរិកត្រូវបានគេចោទប្រកាន់ថា បានដឹកនាំការវាយប្រហារតាមផ្លូវអាកាសច្រឡំ សម្លាប់ជនស៊ីវិលជាច្រើននាក់នៅឯទីក្រុងម៉ូស៊ុល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ខែមីនា ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យទីបញ្ជាការកណ្ដាលកងទ័ពអាមេរិក លោកវរសេនីយ៍ឯក John Thomas បានគូសបញ្ជាក់ថា កងទ័ពអាមេរិកមិនមានគំរោងផ្លាស់ប្ដូរមធ្យោបាយ ដែលខ្លួនកំពុងអនុវត្តន៍ការវាយប្រហារតាមផ្លូវអាកាសនោះទេ បើទោះបីជាការវាយប្រយុទ្ធដើម្បី ចូលទៅក្នុងទីក្រុងមូស៊ុលបាន និងកំពុងបង្កហានិភ័យដល់ប្រជាជនអ៊ីរ៉ាក់ នៅផ្នែកខាងលិចទីក្រុងមួយនេះក៏ដោយ។ «លោកឧត្តមសេនីយ៍ Joseph Votel (ប្រមុខទីបញ្ជាការកណ្ដាលកងទ័ពអាមេរិក) មិនមានបំណងផ្លាស់ប្ដូរ ឬក៏កែប្រែវិធីសាស្រ្តដែលយើងកំពុងប្រតិបត្តិការទេ ព្រោះវាជាមធ្យោបាយដ៏ល្អ ហើយយើងចង់បញ្ជាក់ឱ្យច្បាស់ថា យើងអាចរស់បានដោយសារដំណើរការដ៏ល្អនេះ»។ នេះបើតាមសម្ដីរបស់ លោក John Thomas ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
គួរបញ្ជាក់ថាក្រុមចំរុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានគេចោទប្រកាន់ថា បានវាយប្រហារច្រឡំសម្លាប់ជនស៊ីវិល ១៧នាក់ក្នុងខែមីនានេះ រីឯក្រុមអ្នកឃ្លំាមើលសិទ្ធិមនុស្សបានអះអាងថា ប្រជាជនស៊ីវិលស្លូតត្រង់ជិត ២៤០នាក់ បានស្លាប់បាត់បង់ជិវិតនៅក្នុងការវាយ ប្រហារតាមផ្លូវអាកាសនៃក្រុមចំរុះអន្តរជាតិចាប់តាំងពីឆ្នាំ២០១៤មក៕