(ណានជីង)៖ ក្រុមអ្នកវិទ្យាសាស្រ្តចិនកំពុងសាងសង់មូលដ្ឋានស្រាវជ្រាវ ដែលមានមុខងារចម្រុះដ៏ធំជាងគេបង្អស់លើលោក សម្រាប់ការសិក្សាទៅលើវិទ្យាសាស្រ្តក៏ដូចជាបច្ចេកវិទ្យាបែប Nano (កម្រិតដ៏តូចល្អិត) ដែលអាចជួយក្នុងការអភិវឌ្ឍប្រព័ន្ធកុំព្យូទ័រ ដែលមានកម្លាំងខ្លាំងជាងមុន ព្រមទាំងមនុស្សយន្តដែលមានភាពវ័យឆ្លាតមិនធ្លាប់មានផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។
យោងតាមលោក Ding Sunan អនុប្រធាននៃគំរោងខាងលើ ទីតាំងស្រាវជ្រាវ Nano-X ដែលស្ថិតនៅក្នុងទីក្រុង Suzhou នៃខេត្ត Jiangsu ទទួលបានថវិកាឧបត្ថមជាបឋមប្រមាណ ៣២០លានយ័នស្មើនឹង ៤៦,៥លានដុល្លារសហរដ្ឋអាមេរិក ហើយនៅពេលក្រោយទៀតនឹងមានកញ្ចប់ថវិកាសរុប ១.៥ពាន់ពាន់លានយ័ន ដែលស្មើនឹង២១៨លានដុល្លារ។
គួរបញ្ចាក់ថាការសាងសង់នៃដំណាក់កាលដំបូងបានចាប់ផ្តើមកាលពីឆ្នាំ២០១៤ ហើយត្រូវរំពឹងថានឹងបញ្ចប់សព្វគ្រប់រួចរាល់នៅក្នុងឆ្នាំ២០១៨ខាងមុខ៕