(ស៊ីដនី)៖ ប្រជាជនអូស្ត្រាលីនៅក្នុងរដ្ឋ Queensland ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងខ្យល់ព្យុះ ស៊ីក្លូន Debbie ដ៏កំណាចមួយដែលត្រូវបានគេរំពឹងថា អាចនឹងបក់បោកមកដល់ភាគខាងជើងនៃរដ្ឋមួយនេះ នៅចន្លោះទីក្រុង Mackay និងទីក្រុង Townsville នៅវេលាម៉ោងប្រមាណ ១៤៖០០នាទីរសៀលថ្ងៃអង្គារ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរអូស្ត្រាលី ខ្យល់ព្យុះស៊ីក្លូន Debbie នឹងបក់បោកក្នុងល្បឿន ២៧៥គីឡូម៉ែត្រ ក្នុងមួយម៉ោងជាមួយនឹងល្បឿនកន្ទុយ ១៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្រមពេលជាមួយគ្នាអាជ្ញាធរ បានបញ្ជូនក្រុមអ្នកជួយសង្រ្គោះ ២,០០០នាក់ ទៅកាន់តំបន់ដែលត្រូវបានគេរំពឹងថានឹងត្រូវវាយប្រហារដោយខ្យល់ព្យុះ ខណៈមន្ទីរពេទ្យ ៦០០កន្លែងបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់អ្នករងរបួស។
គួរបញ្ជាក់ថាមនុស្សច្រើនជាង ២៥,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ស៊ីក្លូន Debbie ត្រូវបានចាត់ចូលទៅក្នុងព្យុះកំណាចលំដាប់ទី៤ ដែលអាចនឹងបង្កការគំរាមកំហែងខ្លាំង ទៅលើរដ្ឋភាគឦសានរបស់អូស្ត្រាលីមួយនេះ៕