(ម៉ិចស៊ីកូ)៖ ជារឿងដែលមិនគួរឲ្យកើតមានទាល់តែសោះ ដែលស្ត្រីពីររូបរវល់តែឈ្លក់វង្វេងនឹងការថតរូប Selfie រួចក៏ត្រូវយន្តហោះខ្នាតតូចមួយគ្រឿងបុកបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែង ស្ថិតនៅក្នុងរដ្ឋមួយ នៃភាគខាងជើងប្រទេសម៉ិចស៊ីកូ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។
គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីចុងសប្តាហ៍មុន នៅក្នុងព្រលានយន្តហោះនៃក្រុង Chinipas ស្ថិតក្នុងរដ្ឋ Chihuahua ដែលបានបណ្តាលឲ្យនាង Mendiza វ័យ១៨ឆ្នាំ និងនាង Morquecho វ័យ១៧ឆ្នាំ ទាំងពីរនាក់បាត់បង់ជីវិត និងត្រូវបានយកទៅបញ្ចុះនៅមួយថ្ងៃបន្ទាប់។ អ្នកបានឃើញហេតុការណ៍ខាងលើនេះបានបញ្ជាក់ថា នារីវ័យក្មេងទាំងពីរបានថតរូបលើកដំបូលរថយន្តមួយប្រឡែងនឹងយន្តហោះដែលកំពុងធ្វើដំណើរមក ហើយមិនអាចលោតចុះទាន់ទើបត្រូវស្លាបយន្តហោះបុកចំទាំងពីរនាក់តែម្តង។
គួរបញ្ជាក់ថារហូតមកដល់ពេលនេះ គេពុំមានរបាយការណ៍លម្អិតនៃចំនួនមនុស្សស្លាប់ ដោយសារតែការថតរូប Selfie បែបផ្សងគ្រោះថ្នាក់នោះឡើយ ប៉ុន្តែជាការពិតណាស់មនុស្សជាច្រើននាក់មកហើយដែលបាន ស្លាប់ និងជួបគ្រោះថ្នាក់នានាដោយសារតែការថតរូប Selfie មានដូចជានៅប្រទេស រុស្ស៊ី ឥណ្ឌា និងបណ្តាប្រទេសអាមេរិកឡាទីនផងដែរ៕