(សេអ៊ូល)៖ មេបញ្ជាការកងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង លោក Vincent K. Brooks បានប្រាប់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Julie Bishop ថាកូរ៉េខាងជើងបានឈានដល់ការអភិវឌ្ឍន៍ គ្រាប់រ៉ុក្កែតដែលអាចបង្កគ្រោះថា្នក់ដល់ទីក្រុងកង់ប៊េរ៉ា នៅក្នុងករណីវាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧។
ការព្រមានរបស់លោក Vincent K. Brooks អាចចាត់ទុកបានថា ជាព័ត៌មានថ្មីមួយត្បិតកូរ៉េខាងជើង ធ្លាប់បានគំរាមវាយប្រហារលើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងតែប៉ុណ្ណោះ។ ដោយឡែកជុំវិញ ការព្រមាននេះដែរថ្លែងទៅកាន់អ្នកសារព័ត៌មាន លោកស្រី Julie Bishop បានលើកឡើងដូច្នេះថា «ការព្រមានរបស់លោក Brooks នោះគឺថាកូរ៉េខាងជើង... បច្ចុប្បន្នសមត្ថភាពមីស៊ីលផ្លោងអន្តរទ្វីប ICBM របស់ទីក្រុងព្យុងយ៉ាងកាន់តែរីកចំរើនមុខ ហើយបើសិនជាវាអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបានមែននោះ វាមិនមែនបង្កគ្រោះថ្នាក់តែនៅក្នុងឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺតំបន់យើងទាំងមូលតែម្ដង រួមទាំងអូស្ត្រាលីផងដែរ»។
គួរបញ្ជាក់ថាការព្រមានរបស់លោក Vincent K. Brooks ធ្វើឡើងស្របពេលដែលមានសេចក្ដីរាយការណ៍ថា កូរ៉េខាងជើងអាចនឹងដឹកនាំការ ធ្វើតេស្ដសាកល្បងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ នៅអំឡុងកិច្ចប្រជុំកំពូលអាមេរិក-ចិន នៅដើមខែមេសា ឬក៏នៅថ្ងៃខួបកំណើតជីតាលោក គីម ជុងអ៊ុន គឺលោក គីម អ៊ីលស៊ុង នៅថ្ងៃទី១៥ ខែមេសា ឬក៏នៅថ្ងៃទី២៥ ខែមេសា ដែលជាថ្ងៃខួបកំណើតកងទ័ពប្រជាមានិតកូរ៉េខាងជើង៕