(ប៉េកាំង)៖ រដ្ឋាភិបាលចិនបានសម្រេចដកការរារាំងការនាំចូលសាច់គោប្រទេសប្រេស៊ីល បន្ទាប់ពីអាជ្ញាធរប្រេស៊ីល បានសន្យាថា នឹងបិទនូវការ នាំចេញពីតំបន់ផលិតដែលធ្លាប់មានរឿងអាស្រូវ ពាក់ព័ន្ធនឹងបញ្ហាគុណភាព។ នេះបើតាមសម្តីអ្នកនាំពាក្យ ក្រសួងការបរទេសចិន លោកស្រី Hua Chunying ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ បានឲ្យដឹងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។
លោកស្រីបានបន្តថា ក្រុមអាជ្ញាធរប្រេស៊ីល ក៏បានសន្យាផងដែរ ថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់មួយ ដើម្បីធានាពីគុណភាពសាច់ ដែលត្រូវដឹកជញ្ជូនទៅកាន់ប្រទេសចិន។
សូមជម្រាបថា ការនាំចេញសាច់របស់ប្រស៊ីល បានមានបញ្ហាកាលពីសប្តាហ៍មុន បន្ទាប់ពីក្រុមអ្នកស៊ើបអង្កេត បានចោទប្រកាន់ក្រុមមន្ត្រី អធិការកិច្ច បានទទួលយកសំណូក ដើម្បីលើកលែងចំពោះសាច់សត្វ ដែលផុតកាលបរិច្ឆេទ និងមានសារធាតុគីមី។ ក្រោយផ្ទុះករណីនេះ ប្រទេសចិន, សហភាពអឺរ៉ុប, ជប៉ុន និងម៉ិកស៊ិក បានរារាំង ឬក៏កំណត់ការនាំចូលសាច់ពីប្រស៊ីល៕