(អាល្លឺម៉ង់)៖ ក្រុមចោរជំនាញមួយក្រុម បានចូលលួចកាក់មាសមួយ ដែលមានតម្លៃប្រមាណ១,៣៩លានដុល្លារសហរដ្ឋអាមេរិក និងមានទម្ងន់១០០គីឡូក្រាម ពីសារមន្ទីរ Bode Museum រដ្ឋធានី Berlin ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះ។ នេះបើតាមសារព័ត៌មាន Channel News Asia ចុះផ្សាយនាយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ បានឲ្យដឹងថា កាក់មាសដែលត្រូវបានចោរលួចនេះ មានឈ្មោះថា «Big Maple Leaf» ធ្វើឡើងដោយក្រុមហ៊ុនកាណាដា Royal Canadian Mint ក្នុងឆ្នាំ២០០៧។ កាក់មាសនេះមានផ្ទៃទំហំ៥៣សង់ទីម៉ែត្រ និងមានកម្រាស់៣សង់ទីម៉ែត្រ និងឆ្លាក់រូបម្ចាស់ក្សត្រីយ៍ Elizabeth II។
សារមន្ទីរ Bode Museum បានផ្តល់តម្លៃនៃកាក់មាសនេះមានប្រមាណជាង១លានដុល្លារសហរដ្ឋអាមេរិក ថ្វីបើតម្លៃនៅក្នុងទីផ្សារ នៃមាស១០០គីឡូក្រាម គឺប្រមាណ៤លានដុល្លារសហរដ្ឋអាមេរិក។
ក្រុមប៉ូលិសអាល្លឺម៉ង់ បានឲ្យដឹងនៅតាម Twitter ថា ក្រុមចោរប្លន់ទំនងជាប្រើប្រាស់ជណ្តើរមួយ ដែលត្រូវបានរកឃើញ នៅជិតផ្លូវរថភ្លើង ដើម្បីសម្រួលចូលទៅក្នុងសារមន្ទីរ នៅវេលាម៉ោងប្រមាណ៣៖៣០នាទីព្រឹក (ម៉ោងក្នុងតំបន់)។ ចរាចរផ្លូវដែករបស់ក្រុមហ៊ុន Suburban ត្រូវបានផ្អាកដំណើរការ ខណៈក្រុមអ្នកស៊ើបអង្កេត កំពុងស៊ើបអង្កេតនៅតំបន់នោះ ដោយសារមានការសង្ស័យ។
សូមជម្រាបថា សារមន្ទីរ Bode Museum ដែលចុះបញ្ជីដោយអង្គការ UNESCO ក្នុងរដ្ឋធានីរបស់អាល្លឺម៉ង់ ជាសារមន្ទីរមួយ ក្នុងចំណោមសារមន្ទីរធំជាងគេបំផុត នៅលើពិភពលោក ដែលជាកន្លែងប្រមូលផ្តុំកាក់។ ដោយមានរក្សាទៅដោយកាក់ចំនួន១០២,០០០ មកពីសម័យបុរាណរបស់ក្រិក និងកាក់រ៉ូម៉ែនប្រមាណ៥០,០០០៕