(លីស្បោន)៖ អាកាសយានដ្ឋាន Madeira នៃប្រទេសព័រទុយហ្គាល់ ត្រូវបានប្តូរដាក់ឈ្មោះ Cristiano Ronaldo វិញ ដើម្បីផ្តល់កិត្តិយសសម្រាប់កំពូលវិរបុរសរបស់គេ ក្រោយពេល Ronaldo បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ឈ្នះពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំងជាប្រវត្តិសាស្រ្តនោះ។
ប្រធានអាកាសយានដ្ឋាន Madeira លោក Miguel Albuquerque បានថ្លែងប្រាប់សារព័ត៌មាន Dailymail ឲ្យដឹងនៅ ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧ នេះថា «ឈ្មោះអាកាសយានដ្ឋាន Madeira ត្រូវបានប្តូរឈ្មោះទៅជា Cristiano Ronaldo វិញ ដើម្បីជាការដឹងគុណដល់បុរសវ័យ៣១ឆ្នាំ ដែលបានជួយឲ្យព័រទុយហ្គាល់ឈ្នះពាន UEFA Euro 2016 ជាប្រវត្តិសាស្រ្តកាលពីដើមខែកក្កដា ឆ្នាំ២០១៦កន្លងទៅ»។
លោក Miguel បានបន្ថែមទៀតថា ស្លាកឈ្មោះព្រលានយន្តហោះបានលើកឡើងរួចហើយកាលពីថ្ងៃសុក្រសប្តាហ៍មុន មុននឹងពិធីសម្ពោធផ្លូវការនៅថ្ងៃទី២៩ ខែមីនាខានស្អែកនេះ គឺបន្ទាប់ពីថ្ងៃដែលព័រទុយហ្គាល់ទទួលស្វាគមន៍ក្រុមជម្រើសជាតិស៊ុយអែតនៅរដ្ឋធានី Funchal។
សូមរំលឹកផងដែរថា កេរ្តិ៍ឈ្មោះ ក៏ដូចជារូបសំណាករបស់ Cristiano Ronaldo ត្រូវបានប្រជាជននៃប្រទេសព័រទុយហ្គាល់ចារទុកជាប្រវត្តិសាស្រ្តក្នុងសារមន្ទីរ នៅតាមសណ្ឋាគារនានានៅក្នុងរដ្ឋ Funchal ដែលជាទឹកដីកំណើតរបស់គាត់ផងដែរ និងនៅតាម រដ្ឋធានី Madeira ផងដែរ៕