(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ជាក់ថា ខ្លួនបានបង្ហាញការមិនពេញចិត្តទៅកាន់រដ្ឋាភិបាលតូក្យូ បន្ទាប់ពីមន្រ្តីជប៉ុនមួយរូបបានធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅឯកោះតៃវ៉ាន់កាលពីចុងសប្តាហ៍មុននេះ និងបានព្រមានថា ទង្វើនេះអាចជះផលប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងចិន-ជប៉ុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
ក្រសួងកិច្ចការផ្ទៃក្នុង និងទំនាក់ទំនងនៃប្រទេសជប៉ុនបានឲ្យដឹងថា អនុរដ្ឋមន្រ្តីលោក Jiro Akama បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដើម្បីចូលរួមព្រឹត្តិការណ៍លើកកម្ពស់វិស័យទេសចរណ៍មួយជំនួសមុខឲ្យក្រសួងរបស់លោក ដោយបានចាកចេញពីជប៉ុនកាលពីថ្ងៃសុក្រសប្តាហ៍មុន និងបានវិលត្រឡប់មកវិញនៅថ្ងៃបន្ទាប់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុនបានរាយការណ៍ថា លោក Akama គឺជាមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់បំផុត ដែលបានធ្វើដំណើរក្នុងលក្ខណៈជាផ្លូវការទៅកាន់តៃវ៉ាន់ ចាប់តាំងតែពីពេលជាទីក្រុងតូក្យូបានផ្តាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតៃប៉ិ កាលពីឆ្នាំ១៩៧២ ដើម្បីងាកមកបង្កើតជាមួយទីក្រុងប៉េកាំងវិញ។
ជុំវិញដំណើរបំពេញទស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying បានថ្លែងថា វាបានប្រព្រឹត្តទៅផ្ទុយទាំងស្រុងពីការសន្យារបស់ជប៉ុន ដែលថានឹងធ្វើការដោះប្តូរក៏ដូចជាធ្វើទំនាក់ទំនងតែក្នុងរបៀបជាមិនមែនរដ្ឋាភិបាល និងក្នុងតំបន់តែប៉ុណ្ណោះជាមួយកោះតៃវ៉ាន់ ដែលចិនបាននិងនៅតែចាត់ទុកថា ជាខេត្តមួយរបស់ខ្លួនដដែលនោះ។ លោកស្រីអ្នកនាំពាក្យបានលើកឡើងថា «ចិនជំទាស់ដាច់ខាតចំពោះទង្វើនេះ ហើយក៏បានបង្ហាញឆន្ទៈយ៉ាងច្បាស់លាស់ទៅកាន់ភាគីជប៉ុនផងដែរ»។
បន្ថែមពីនេះលោកស្រី Hua Chunying បានសង្កត់ធ្ងន់ថា កោះតៃវ៉ាន់គឺជាផលប្រយោជន៍ស្នូលដ៏សំខាន់របស់ចិន ដែលពុំអាចប្រកែកបាននោះឡើយ ហើយរដ្ឋាភិបាលជប៉ុនគួរតែទទួលស្គាល់នូវភាពប្រាកដប្រជារបស់វា និងឈប់ធ្វើខ្លួនជាមនុស្ស «មុខពីរ» តទៀត ក៏ដូចជាកុំបន្តដើរផ្លូវខុសទៀត។
គួរបញ្ជាក់ថាជប៉ុនដូចជាប្រទេសជាច្រើនផ្សេងៗទៀតនៅក្នុងពិភពលោករក្សាតែទំនាក់ទំនងមិនផ្លូវការជាមួយកោះតៃវ៉ាន់ប៉ុណ្ណោះ ស្របពេលដែលទីក្រុងតូក្យូមានចំណងការទូតផ្លូវការជាមួយទីក្រុងប៉េកាំង៕