(កាប៊ូល)៖ ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន ៣៣នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លំាងយោធាអាហ្វហ្គានីស្ថាន នៅក្នុងស្រុក Koot នៃភាគខាងកើតខេត្ត Nangarhar ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងពេលជាមួយគ្នាក្រុមសកម្មប្រយុទ្ធតាលីបង់០៣នាក់ ក៏ត្រូវបានសម្លាប់ផងដែរ បន្ទាប់ពីកងម្លាំងអាហ្វហ្គានីស្ថានបានដឹកនាំប្រតិបតិ្តការយោធានៅក្នុងភូមិ Gadi នៃខេត្ត Nangarhar។
គួរបញ្ជាក់ថាខេត្ត Nangarhar ដែលមានទីក្រុងឈ្មោះ Jalalabad និងជាតំបន់សម្បូរទៅដោយភ្នំ ព្រមទាំងស្ថិតនៅចំងាយ ១២០គីឡូម៉ែត្រពីរដ្ឋធានីកាប៊ូល បានក្លាយជាសមរភូមិប្រយុទ្ធរវាងកងកម្លាំងអាហ្វហ្គានីស្ថាន និងពួក ISIS ចាប់តំាងពីឆ្នាំ២០១៥មកម្លេះ ហើយមិនតែប៉ុណ្ណោះក្រៅតែពីពួក ISIS កងកម្លាំង រដ្ឋាភិបាលក្រុងកាប៊ុលក៏កំពុងប្រយុទ្ធជាមួយក្រុមតាលីបង់ដែរ ដែលតែងតែដឹកនាំការវាយប្រហារបំផ្ទុះគ្រាប់អត្តឃាត៕