(ហាណូយ)៖ ស្របពេលដែលវៀតណាមបាន និងកំពុងចំណាយប្រាក់យ៉ាងច្រើនលើការនាំចូលបន្លែ ក៏ដូចជាផ្លែឈើដ៏ច្រើនសន្ធឹកសន្ធាប់ពីបរទេសជាពិសេសចិន និងថៃពីព្រោះតែប្រជាពលរដ្ឋបានបាត់បង់ ទំនុកចិត្តលើផលិតផលបន្លែ-ផ្លែឈើ ក៏ដូចជាសាច់នៅប្រទេសរបស់ខ្លួនដោយសារការប្រើប្រាស់សារធាតុ គីមីគ្រោះថ្នាក់ក្នុងកម្រិតដ៏ច្រើនលើសលប់ រហូតអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពអ្នកបរិភោគនោះ នាពេលថ្មីៗនេះទីក្រុងហាណូយ ក៏បានចាប់ផ្តើមរៀបចំផែនការសំដៅធ្វើយ៉ាងណាធានាការផ្គត់ផ្គង់នៃបន្លែ និងសាច់នៅក្នុងស្រុកដែលមានសុវត្ថិភាពសម្រាប់ទីក្រុងផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានវៀតណាម Vietnam Net នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
ប្រទេសវៀតណាមបានកាន់តែចំណាយលុយច្រើនឡើងៗបន្ថែមទៀត ពោលគឺដល់ទៅចំនួនប្រហែល ១៦៤លានដុល្លារអាមេរិកទៅលើបន្លែ និងផ្លែឈើដែលធ្វើការនាំចូលពីក្រៅប្រទេសនៅក្នុងរយៈពេលតែពីរខែដំបូងនៃឆ្នាំ២០១៧នេះប៉ុណ្ណោះ ហើយចំនួននេះបានកើនឡើងដល់ទៅ ៥៥ភាគរយ បើធៀបនឹងពេលដូចគ្នានៅឆ្នាំ២០១៦។ គេសង្កេតឃើញថាប្រជាជនវៀតណាមពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានទំនោរទៅរកបន្លែ-ផ្លែឈើដែលនាំចូលពីបរទេស ជាពិសេសចិននិងថៃតែម្តងជាជាងការទិញផលិតក្នុងស្រុករបស់ខ្លួនពីព្រោះតែបញ្ហានៃការប្រើប្រាស់ថ្នាំគីមីច្រើនលើសលប់ហួសកំណត់ ដោយហេតុតែចង់បានផលចំណេញច្រើន រហូតភ្លេចគិតគូរពីផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
ទោះបីជាមានឈ្មោះថាជាប្រទេសដើរដោយវិស័យឧស្សាហកម្មយ៉ាងណាក្តី វៀតណាមបានបង្កើនការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើការនាំចូលបន្លែព្រមទាំងផ្លែឈើ។ តួយ៉ាងកាលពីឆ្នាំ២០១៦ ប្រទេសអាស៊ានមួយនេះបានចាយលុយប្រមាណ ៩២៥លានដុល្លារសហរដ្ឋអាមេរិកលើផលិតផលទាំងនេះ ដោយវាបានកើនជិត ៥០ភាគរយធៀបនឹងឆ្នាំ២០១៥។
គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនផ្នែកសុខាភិបាលវៀតណាម ក៏បានប្រកាសប្រមូលសាច់ជ្រូកក្នុងស្រុកជាច្រើនពីទីផ្សារផងដែរ បន្ទាប់ពីបានរកឃើញថាមានផ្ទុកមេរោគម៉្យាងដ៏គ្រោះថ្នាក់៕