(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានតែងតាំងកូនប្រសារប្រុសរបស់ខ្លួន គឺលោក ហ្សារេដ ឃូស្នើ (Jared Kushner) ឱ្យដឹកនាំការិយាល័យសេតវិមានថ្មីមួយ ខណៈមានការ រិះគន់ជាច្រើនកំពុងកើតមានថាលោក ត្រាំ បានដឹកនាំសេតវិមានដូចជាការគ្រប់គ្រងក្រុមហ៊ុន តាមរយៈការតែងតាំងអ្នកជំនួញអាមេរិកជាច្រើនឱ្យកាន់តួនាទីសំខាន់ៗ នៅក្នុងជួររដ្ឋាភិបាល។ នេះបើតាមសារព័ត៌មាន Washington Post ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
យោងតាម Washington Post លោក ហ្សារេដ ឃូស្នើ នឹងកាន់តួនាទីធ្វើកំណែទម្រង់ការិយាធិបតេយ្យ និងអនុវត្តន៍ពាក្យសន្យាពាក់ព័ន្ធនឹងការកែទម្រង់ការ យកចិត្តទុកដាក់ចំពោះអ្នកនយោបាយជើងចាស់។ ជុំវិញបញ្ហានេះដែរថ្លែងប្រាប់ Washington Post លោក ឃូស្នើ បានលើកឡើងដូច្នេះថា «រដ្ឋាភិបាលគួរតែធ្វ់ដំណើរការដូចជាក្រុមហ៊ុនអាមេរិកដ៏អស្ចារ្យមួយ ហើយក្ដីសង្ឃឹមរបស់យើង នោះគឺយើងអាចស្វែងរកភាពជោគជ័យ និងប្រសិទ្ធភាពសម្រាប់អតិថិជនរបស់យើង ដែលជាប្រជាជនអាមេរិក»។
គួរបញ្ជាក់ថាបើតាម Washington Post បច្ចេកវិទ្យា និងទិន្នន័យត្រូវបានគេរំពឹងថានឹងក្លាយជាកូនសោរគន្លឹះផ្ដោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងនេះ ស្របពេលសេតវិមាន បាននិងកំពុងធ្វើការងារជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cooke, ស្ថាបនិក Microsoft លោក Bill Gates និងនាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ដ Tesla លោក Elon Musk៕