(តូក្យូ)៖ អាជ្ញាធរនៅក្នុងតំបន់បានឱ្យដឹងថា សិស្សវិទ្យាល័យ០៨នាក់ត្រូវបានគេរាយការរណ៍ថា អាចនឹងបាត់បង់ជីវិត និង៣០នាក់បានរងរបួស បន្ទាប់ពីពួកគេត្រូវផ្ទាំងទឹកកកបាក់សង្កត់នៅអំឡុងពេល ធ្វើដំណើរកម្សាន្តនៅតំបន់ភ្នំមួយកន្លែង ស្ថិតនៅភាគខាងជើងទីក្រុងតូក្យូនៅព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនសិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរក្នុងតំបន់ និងប៉ូលិសជប៉ុនគ្រោះថ្នាក់រអិលបាក់ផ្ទំាងទឹកកក បានកើតឡើងនៅម៉ោងប្រមាណ ៩៖២០នាទីព្រឹកនៅឯតំបន់ភ្នំក្នុងទីក្រុង Nasu នៃខេត្ត Tochigi ស្ថិតនៅចំងាយ១២០ គីឡូម៉ែត្រពីភាគខាងជើងទីក្រុងតូក្យូ។ ជាមួយគ្នានោះដែរប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ក៏បានបញ្ជាក់ដែរថា សិស្សច្រើនជាង៦០នាក់មកពីវិទ្យាល័យចំនួន០៧ បានចូលរួមក្នុងដំណើរកម្សាន្តនៅឯតំបន់ភ្នំ ដែលមានហេតុការណ៍រអិលបាក់ផ្ទាំងទឹកកក ចំពេលព្រិលបានធ្លាក់យ៉ាងខ្លាំង។ រីឯក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ និងអង្គភាពបង្ការគ្រោះមហន្តរាយ កំពុងធ្វើប្រតិបត្តិការជួយសង្រ្គោះ៕