(ញ៉ូដេលី)៖ នៅក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយ នារីវ័យ២០ឆ្នាំម្នាក់ត្រូវបានគេដុតទាំងរស់នៅក្នុងភូមិ មួយកន្លែងក្បែរក្រុង Jodhpur នៃរដ្ឋ Rajasthan ភាគខាងលិចប្រទេសឥណ្ឌា ដោយសារតែរឿងតវ៉ាជំទាស់នឹងការកាត់ដើមឈើ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
ហេតុការណ៍បានកើតឡើងនាថ្ងៃអាទិត្យម្សិលមិញ ប៉ុន្តែទើបតែបានលេចឡើងនាវេលាព្រឹកថ្ងៃចន្ទនេះ នៅពេលដែលនារីរងគ្រោះបាត់ដាច់ខ្យល់ស្លាប់នៅឯមន្ទីរពេទ្យ ដោយហេតុតែអការៈរបួសរបស់នាងធ្ងន់ធ្ងរពេក។ យោងតាមមន្រ្តីប៉ូលិសឥណ្ឌា នារីម្នាក់នោះមានឈ្មោះថា Lalita បានប្រឆាំងជំទាស់ចំពោះការកាត់ដើមឈើ ដែលត្រូវបានដាំដុះនៅក្នុងកសិដ្ឋានរបស់នាង ដើម្បីយកទីធ្លាសាងសង់ផ្លូវមួយកន្លែងនៅក្បែរភូមិដែលនាងស្នាក់នៅ។
ប៉ូលិសបានឲ្យដឹងថា ដំបូងឡើយវាគ្រាន់តែជាជម្លោះពាក្យសម្តីបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែក៏បែរបានប្រែក្លាយទៅជាតឹងតែងឡើងៗ រហូតឈានដល់ក្រុមអ្នកភូមិមួយក្រុមបានវាយប្រហារទៅលើរូបនាង។ ក្រុមអ្នកភូមិដែលរួមមានទាំងវត្តមានមេភូមិឈ្មោះ Ranveer Singh ពុំបានបញ្ឈប់សកម្មភាពត្រឹមនោះឡើយ ដោយបន្តិចក្រោយមកក៏បាននាំគ្នាយកប្រេងសាំងទៅស្រោចចាក់លើនារីរងគ្រោះ រួចហើយបានដុតទាំងរស់តែម្តង។
គួរបញ្ជាក់ថាយោងតាមមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់ អ្នកភូមិមួយក្រុមនោះមានគ្នីគ្នាចំនួន១០នាក់ ខណៈសមត្ថកិច្ចក៏បានបើកការស៊ើបអង្កេតទៅលើរឿងផងដែរ ហើយនឹងចាប់ខ្លួនជនត្រូវចោទទាំងអស់នោះនាពេលឆាប់ៗខាងមុខ៕