(តូក្យូ)៖ បុរសជនជាតិវៀតណាមម្នាក់ដែលបានស្ថិតនៅក្នុងការឃុំខ្លួនក្នុងប្រទេសជប៉ុន ពាក់ព័ន្ធនឹងការធ្វើអន្តោប្រវេសន៍ខុសច្បាប់នោះ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ប៉ុន្តែព័ត៌មានទើបតែត្រូវបានផ្សព្វផ្សាយ និងផ្ទុះឡើងនៅថ្ងៃចន្ទនេះប៉ុណ្ណោះ ដែលវាកំពុងតែបង្កជាសំនួរចាក់ដោតជាច្រើន ទៅលើប្រព័ន្ធឃុំឃាំងនៅក្នុងប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយនៅរសៀលថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧ ដោយ Channel News Asia។
បុរសវៀតណាមខាងលើនេះមានឈ្មោះថា Van Huan Nguyen បានបាត់បង់ជីវិតនៅក្នុងមន្ទីរឃុំឃាំងមួយស្ថិតនៅក្នុងខេត្ត Ibaraki ភាគខាងកើតប្រទេសជប៉ុន ដែលលោកជាបុរសទីហើយដែលបានស្លាប់បន្ទាប់ពីបុរសដំបូងដែលបានទទួលមរណភាព នៅកន្លែងដដែលនេះកាលពីឆ្នាំ២០១៤។ លោក Van គឺជាជនអន្តោប្រវេសន៍ម្នាក់ក្នុងចំណោមជនភៀសខ្លួនជាង ១១,០០០នាក់ ដែលត្រូវបានអាជ្ញាធរជប៉ុនទទួលយកក្នុងរយៈពេលបីទសវត្សរ៍រហូតដល់ឆ្នាំ២០០៥ (ចាប់តាំងពីសម័យសង្គ្រាមវៀតណាម)។
តាមសម្តីរបស់មិត្តភក្តិលោក Van បុរសជនជាតិវៀតណាមរូបនេះគ្មានសាច់ញាតិនៅប្រទេសជប៉ុននោះទេ ប៉ុន្តែលោកមានមិត្តភក្តិច្រើន។ មិត្តរូបនោះបានបញ្ជាក់ថា «លោកគឺជាមនុស្សដែលរីករាយ និងកំប្លែងខ្លាំងណាស់។ ខ្ញុំមិនជឿថាគាត់ស្លាប់បែបនេះទេ»។ ទោះបីជាយ៉ាងណាមូលហេតុនៃការស្លាប់របស់ Van នៅមិនទាន់មានការបញ្ជាក់ពីអាជ្ញាធរជប៉ុននោះទេ ប៉ុន្តែសាធារណមតិមានការរិះគន់រួចទៅហើយទៅលើប្រព័ន្ធគ្រប់គ្រងមន្ទីរឃុំឃាំងនៅប្រទេសជប៉ុន ដែលមានភាពទន់ខ្សោយ និងមិនអាចមើលថែទាំជនជាប់ឃុំទាំងឡាយឲ្យបានដិតដល់ ទើបបានបណ្តាលឲ្យមានអ្នកបាត់បង់ជីវិតជារឿយៗបែបនេះ៕