(កង់បេរ៉ា)៖ សាកលវិទ្យាល័យជាតិអូស្រ្តាលី (ANU) បានអំពាវនាវដល់អ្នកតារាវិទូស្ម័គ្រចិត្តទាំងអស់ ឲ្យជួយក្រុមអ្នកវិទ្យាសាស្រ្តរបស់ខ្លួនក្នុងការស្វែងរកភពថ្មីពោលគឺ «ភពទី៩» នៅក្នុងប្រព័ន្ធព្រះអាទិត្យ របស់យើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
គំរោងក្នុងការស្វែងរកភពទី៩នេះដឹកនាំដោយ លោកបណ្ឌិត Brad Tucker នៃសាកលវិទ្យាល័យ ANU និងទាមទារឲ្យមានការជួយជ្រោមជ្រែង ពីសំណាក់ប្រិយមិត្តចូលចិត្តផ្នែកតារាសាស្រ្តទាំងអស់ ដែលអាចក្លាយជាបុគ្គលដំបូងគេបង្អស់ដែលប្រទះភ្នែកឃើញអ្វីម៉្យាង ដែលមនុស្សលោកយើងពុំធ្លាប់បានឃើញពីមុនមក។
លោក Tucker បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃចន្ទនេះថា «ពួកយើងមានសក្តានុពលដើម្បីស្វែងរកភពថ្មីមួយ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ដែលពុំមានមនុស្សណាម្នាក់ធ្លាប់បានឃើញឡើយ នៅក្នុងរយៈពេលពីរលានឆ្នាំនៃប្រវត្តិសាស្រ្តមនុស្សលោក។ ភពទី៩ ត្រូវបានគេទស្សន៍ទាយថា ជាផែនដីដ៏ធំមួយដែលមានម៉ាស់ប្រហែលធ្ងន់ជាង១០ដង និងទំហំធំជាងបួនដងនៃភពរបស់យើង ហើយវានឹងមានភាពត្រជាក់ និងស្ថិតនៅរយៈចម្ងាយដ៏សែនឆ្ងាយ ដែលអាចស្មើនឹង ៨០០ដងនៃគម្លាតរវាងផែនដីនិងព្រះអាទិត្យ ពោលវាពិតជាពោរពេញដោយអាថ៌កំបាំង»។
គំរោងខាងលើរបស់សាកលវិទ្យាល័យ ANU នឹងអនុញ្ញាតឲ្យអ្នកប្រិយមិត្តចូលចិត្តផ្នែកតារាសាស្រ្តធ្វើការទស្សនារូបភាពរាប់ម៉ឺនរាប់សែនសន្លឹក ដែលផ្តិតយកដោយកែវយឺត SkyMapper នៅឯមជ្ឈមណ្ឌលឃ្លាំមើលទីអវកាស Siding Spring។ អ្នកស្ម័គ្រចិត្តទាំងអស់នឹងត្រូវអញ្ជើញឲ្យក្រឡេកមើលទៅលើរូបថតទាំងនោះ ហើយព្យាយាមកត់សម្គាល់ភាពខុសគ្នា និងចំណុចសំខាន់ៗឬមួយក៏វត្ថុអវកាសដែលអាចជា «ភពទី៩»។
គួរបញ្ជាក់ថាតាមលោក Brad Tucker អះអាងលើសពីនេះទៀតថា អ្នកចូលរួមទាំងអស់ក៏នឹងត្រូវរំពឹងថា អាចស្វែងរកវត្ថុអាថ៌កំបាំងជាច្រើនផ្សេងៗទៀតនៅក្នុងលំហអាកាសផងដែរ រួមបញ្ចូលទាំងអាចម៍ផ្កាយ ផ្កាយដុះកន្ទុយ ឬភពមិនពេញលក្ខណៈដូចជា ភ្លុយតូ ជាដើម។ លោក Tucker បានបញ្ជាក់ថាប្រសិនបើនរណាម្នាក់រកឃើញវត្ថុអាថ៌កំបាំងដ៏ប្លែកខុសគេនោះ ពួកគេអាចដាក់ឈ្មោះឲ្យវាបាន ប៉ុន្តែពុំអាចដាក់តាមឈ្មោះពួកគេផ្ទាល់បាននោះឡើយ។ យ៉ាងណាមិញពួកគេអាចដាក់ឈ្មោះតាមប្រពន្ធ ឬមួយក៏បងប្អូនសាច់ញាតិបាន ដោយយោងទៅតាមវិន័យរបស់សហព័ន្ធតារាសាស្រ្តអន្តរជាតិ៕