(គូរឡាឡាំពួ)៖ ជនជាតិម៉ាឡេស៊ីចំនួនបីនាក់ទៀត ដែលត្រូវបានចាប់ជំរិតដោយក្រុមឧទ្ទាម អាប៊ូ សាយយ៉ាហ្វ នៅក្បែរឆ្នេរ Dent Haven ក្នុងទីក្រុង Lahad Datu ភាគខាងជើងប្រទេសកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នោះ ទីបំផុតត្រូវបានជួយសង្រ្គោះ ដោយកងកម្លាំងសន្តិសុខរបស់ប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
ទីបញ្ជាការដ្ឋានសន្តិសុខនៃរដ្ឋ Sabah ប្រទេសម៉ាឡេស៊ីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ជនរងគ្រោះដែលត្រូវបានចាប់ជំរិតរួមមានឈ្មោះ Fandy Bakran វ័យ២៧ឆ្នាំ, Mohd Jumadil Rahim វ័យ២៤ឆ្នាំ, និង Mohd Ridzuan Ismail វ័យ៣៣ឆ្នាំ ត្រូវបានជួយសង្រ្គោះនៅអំឡុងប្រតិបត្តិការមួយក្នុងដែនសមុទ្រនៃរដ្ឋ Sulu នាយប់ថ្ងៃអាទិត្យ។
គួរបញ្ជាក់ថាបុរសទាំងបីនាក់ខាងលើ ស្ថិតក្នុងចំណោមកម្មករសរុបចំនួន០៥នាក់នៃកប៉ាល់ Serudong Tiga ដែលត្រូវបានក្រុមឧទ្ទាម អាប៊ូ សាយយ៉ាហ្វ ចាប់ជំរិតនៅក្នុងដែនសមុទ្រនៃឆ្នេរ Dent Haven ក្នុងក្រុង Lahad Datu កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំមុននេះ។ ចំណែកឯពីរនាក់ផ្សេងទៀតមានឈ្មោះ Tayudin Anjut អាយុ៤៦ឆ្នាំ និង Abd Rahim Summas អាយុ៦៣ឆ្នាំក៏ត្រូវបានជួយសង្រ្គោះដោយកម្លាំងសន្តិសុខហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនផងដែរ៕