(មូស្គូ)៖ ប៉ូលិសរុស្ស៊ីបានឱ្យដឹងថា ពួកគេបានឃាត់ខ្លួនក្រុមបាតុករជិត ៦០០នាក់ ក្នុងនោះរួមមានទាំងអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរបស់ លោក វ្ល៉ាឌីមៀ ពូទីន គឺលោក Aleksey Navalny នៅអំឡុងដែលមនុស្សប្រមាណ ៨,០០០នាក់បានចូលរួមធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងអំពើពុករលួយ នៅកណ្ដាលទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។

យោងតាមប៉ូលិសរុស្ស៊ីការធ្វើបាតុកម្មតវ៉ាងខាងលើ ធ្វើឡើងដោយគ្មានការអនុញ្ញាត ហើយក្នុងពេលជាមួយគ្នាអាជ្ញាធរបានប្រាប់ឱ្យពួកគេបំបែកជួរគ្នា ក៏ប៉ុន្តែ ក្រុមបាតុករ​ទំាងនេះមិនព្រម​ស្ដាប់នោះទេ។ ក៏ប៉ុន្តែក្រុមអង្គការ​សង្គមស៊ីវិល​បញ្ជាក់ថា ការធ្វើបាតុកម្ម​ដោយសន្តិវិធី​នេះ​គ្មានអ្វីខុសច្បាប់​ឡើយ មិនតែប៉ុណ្ណោះ​ពួកគេក៏បាន​អះអាង​ដែរថា បាតុករយ៉ាងហោច​ណាស់ ៧០០នាក់ត្រូវបានចាប់ខ្លួន​រីឯលោក Aleksey Navalny កំពុងជាប់ឃុំខ្លួន​ជាបណ្ដោះ​អាសន្ន។

គួរបញ្ជាក់ថា​​បើតាមក្រុមការងារ​របស់ លោក Aleksey Navalny លោកនឹង​ត្រូវបង្ហាញ​ខ្លួននៅចំពោះមុខតុលាការរុស្ស៊ី​នៅថ្ងៃចន្ទនេះ ពីបទរំលោភ​លើច្បាប់​រដ្ឋបាល​និយ័តកម្មសាធារណៈ ដែលអាចនឹង​ប្រឈមមុខជាប់​ឃុំជាអតិបរាមា​១៥ថ្ងៃ និងធ្វើការងារ​ជាប្រយោជន៍សហគមន៍ ១០០ ម៉ោង ព្រមទាំងត្រូវ​ពិន័យជាប្រាក់ ៣៥១ដុល្លារនៅក្នុងករណី​តុលាការរកឃើញថា​ លោកបានប្រព្រឹត្តដូចការចោទប្រកាន់​មែននោះ៕