(បាងកក)៖ បន្ទាប់ពីសារព័ត៌មានបរទេសជាច្រើនបានហៅក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ល្បីល្បាញ «ប៉ាតាយ៉ា» ថាជា «ទីក្រុងនៃអំពើបាប» និងជា «រដ្ឋធានីបម្រើផ្លូវភេទរបស់ពិភពលោក» នោះ រដ្ឋាភិបាលថៃបានសម្រេចបង្កើតកិច្ចខិតខំប្រឹងប្រែងដ៏ថ្មីសន្លាង ក្នុងក្តីសង្ឃឹមថានឹងអាចកែប្រែរហស្សនាមនៃទីក្រុងនេះឲ្យល្អឡើងវិញបាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
អាជ្ញាធរថៃបានបើកយុទ្ធនាការមួយមានឈ្មោះថា «Happy Zone» នៅរាល់ពេលចុងសប្តាហ៍ដើម្បីកែប្រែរូបភាពនៃទីក្រុង ប៉ាតាយ៉ា ដែលល្បីរន្ទឺសម្រាប់ទេសចរណ៍ផ្លូវភេទ ហើយវាគឺជាមធ្យោបាយមួយដែលមានភាពធូរស្រាល ជាងប្រតិបត្តិការចុះសម្រុកឆែកឆេររបស់សមត្ថកិច្ចថៃ។ រាល់មុខជំនួញទាំងអស់នៅក្នុងតំបន់ Happy Zone ត្រូវបានស្នើឲ្យធ្វើយ៉ាងណាឲ្យតំបន់នេះមានភាពសុវត្ថិភាពជាងមុខ ដោយមានការកើនឡើងនៃកងសន្តិសុខដើរល្បាត ហើយប៉ូលិសក៏បានបង្កើតកម្មវិធីទូរស័ព្ទសម្រាប់ភ្ញៀវទេសចរ ដើម្បីកោះហៅពួកគេនៅក្នុងករណីអាសន្នបន្ទាន់ណាមួយផងដែរ។
មេបញ្ជាការប៉ូលិសទីក្រុងប៉ាតាយ៉ា លោក Apichai Krobpetch បានថ្លែងថា «Happy Zone គឺជាគំរោងមួយដែលពុំធ្លាប់មានពីមុនមកឡើយ ដើម្បីរៀបចំគោលដៅទេសចរណ៍ និងលើកកម្ពស់គុណភាពនៃវិស័យទេសចរណ៍របស់ប្រទេសថៃ» ហើយលោកបានបញ្ជាក់ទៀតថាក៏នឹងធ្វើការលុបបំបាត់ការរកស៊ីផ្លូវភេទចេញពីតំបន់នោះផងដែរ។
គួរបញ្ជាក់ថាទេសចរណ៍ផ្លូវភេទបានលេចជារូបរាងឡើងនៅក្នុងទីក្រុង ប៉ាតាយ៉ា នៅពេលដែលវាបានក្លាយជាកន្លែងកម្សាន្តសម្រាប់កងទ័ពអាមេរិក កាលពីសម័យសង្រ្គាមវៀតណាមមកម្ល៉េះ ហើយយោងតាមរបាយការណ៍នាឆ្នាំ២០១៤ របស់អង្គការ UNAIDS ចំនួនស្រ្តីរកស៊ីផ្លូវភេទនៅក្នុងប្រទេសថៃមានចំនួនដល់ទៅជាង ១២០,០០០នាក់ ខណៈមតិមួយចំនួនទៀតបានប៉ាន់ស្មានថា ចំនួននេះអាចទ្វេដង៕