(សេអ៊ូល)៖ ប៉ូលិសម៉ាឡេស៊ីបានចូលទៅក្នុងស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងគូឡាឡាំពួ ដើម្បីសួរចម្លើយជនសង្ស័យបីនាក់ ពាក់ព័ន្ធនឹងអំពើឃាតកម្មលើបងប្រុសម្ដាយទីទៃរបស់មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ កាលពីខែកុម្ភៈ។ នេះបើតាមសារព័ត៌មានជប៉ុនក្យូដូ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០១៧។
យោងតាមក្យូដូប៉ូលិសម៉ាឡេស៊ីបួននាក់ បានចូលក្នុងស្ថានទូតកូរ៉េខាងជើង និងបានដឹកនាំការស៊ើបអង្កេតអស់រយៈពេលជាង ២៖៣០នាទី មុននឹងចេញមកវិញ ហើយនេះគឺជាការស៊ើបអង្កេតជាលើកដំបូងបំផុតនៅក្នុងស្ថានទូតកូរ៉េខាងជើង របស់ប៉ូលិសម៉ាឡេស៊ី ចាប់តាំងពីលោក គីម ជុងណាំ ត្រូវបានឃាតករស្រីពីរនាក់សម្លាប់នៅឯអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ដោយប្រើប្រាស់សារធាតុគីមីពុល VX។ នេះបើតាមសម្តីមន្ត្រីប៉ូលិសម៉ាឡេស៊ី។
គួរបញ្ជាក់ថាព័ត៌មានពាក់ព័ន្ធនឹងការសួរចម្លើយខាងលើ ពុំទាន់មានការបញ្ជាក់លម្អិតអ្វីនោះទេ។ បើតាមប៉ូលិសម៉ាឡេស៊ីជនជាតិកូរ៉េខាងជើងជាច្រើននាក់ អាចមានជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក គីម ជុងណាំ ដោយក្នុងនោះមនុស្សបីនាក់ក្នុងចំណោមអ្នកទាំងនេះ មានមន្ត្រីទូតកូរ៉េខាងជើងម្នាក់ ដែលគេជឿជាក់ថាកំពុងលាក់ខ្លួននៅក្នុងស្ថានទូត៕